ថ្ងៃទី២០ មីនា – អគ្គិភ័យដ៏ធំមួយបានឆាបឆេះយ៉ាងខ្លាំងនៅរោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយក្នុងទីក្រុងដេជុន ភាគកណ្តាលប្រទេសកូរ៉េខាងត្បូង បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥០ នាក់រងរបួស។

យោងតាមទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិកូរ៉េខាងត្បូង អគ្គិភ័យនេះត្រូវបានរាយការណ៍នៅម៉ោងប្រហែល ១:១៧ រសៀល ហើយក្នុងចំណោមអ្នករងរបួសទាំង ៥០ នាក់នោះ មានរហូតដល់ ៣៥ នាក់ដែលរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗបន្ទាប់ពីទទួលបានរបាយការណ៍ អាជ្ញាធរបានចេញបទបញ្ជាចល័តពន្លត់អគ្គិភ័យទូទាំងប្រទេស។
រូបភាពពីកន្លែងកើតហេតុបង្ហាញពីផ្សែងពណ៌ប្រផេះក្រាស់កំពុងហុយចេញពីរោងចក្រ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកម្មករដែលនៅជាប់ខាងក្នុង។ មន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់និងរបួសអាចបន្តកើនឡើងទៀត។

អ្នកពន្លត់អគ្គិភ័យជាង ២០០ នាក់ និងរថយន្តឯកទេសប្រហែល ៧០ គ្រឿងត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងអគ្គិភ័យ និងអនុវត្តប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ។ មូលហេតុនៃឧប្បត្តិហេតុមិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយអាជ្ញាធរកំពុងស៊ើបអង្កេតជាបន្ទាន់។
ដោយ៖ ធីរីណា
