![]()
ភ្នំពេញ៖ សហរដ្ឋអាមេរិកកំពុងបញ្ជូនកងទ័ពជាបន្ទាន់ចំនួន ៨០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងពេលដែលស្ថានភាពតានតឹងជាមួយអ៊ីរ៉ង់កំពុងកើនឡើង។
តាមប្រភពព័ត៌មានពី Newsmax និង Anadolu ក្រុមនាវាចម្បាំង USS Boxer រួមជាមួយកងពលតូចម៉ារីនលេខ១១ បានចាកចេញពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកមុនកាលកំណត់។ មន្ត្រីជើងទឹក និងកងទ័ពម៉ារីនត្រូវបានបញ្ជាឲ្យកាត់បន្ថយថ្ងៃឈប់សម្រាក ដើម្បីប្រញាប់ធ្វើដំណើរទៅសមរភូមិ។
![]()
ការចល័តទ័ពនេះកើតឡើងបន្ទាប់ពីប្រតិបត្តិការរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨កុម្ភៈ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងមនុស្សប្រហែល ១៣០០នាក់។
យោងតាមផែនការ កងទ័ពប្រមាណ ៤០០០នាក់នឹងធ្វើដំណើរតាមនាវាចម្បាំងធំៗចំនួន៣ គឺ USS Boxer, USS Portland និង USS Comstock។ នៅពេលដែលក្រុមនាវាទាំងនេះទៅជួបជុំគ្នាជាមួយក្រុមនាវា USS Tripoli ចំនួនកងទ័ពសរុបនឹងកើនឡើងដល់ ៨០០០នាក់។
![]()
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបច្ចុប្បន្នស្ថិតក្នុងភាពវឹកវរ ខណៈដែលអ៊ីរ៉ង់បានចាប់ផ្តើមវាយបកវិញតាមរយៈការប្រើប្រាស់ដ្រូន និងមីស៊ីល បាញ់ស្រោចទៅលើប្រទេសអ៊ីស្រាអែល ហ្ស៊កដានី អ៊ីរ៉ាក់ និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។
ការវាយបកនេះមិនត្រឹមតែសំដៅលើមូលដ្ឋានទ័ពអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រព័ន្ធហោះហើរ និងទីផ្សារសកលលោកទាំងមូល។
រហូតមកដល់ពេលនេះ ភាគីទាំងសងខាងនៅតែបន្តបាញ់តបតគ្នាទៅវិញទៅមក ដែលធ្វើឲ្យសភាពការណ៍កាន់តែមានភាពស្រពេចស្រពិល និងគ្រោះថ្នាក់បំផុត។
