ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ សហការជាមួយការិយាល័យកម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល បានចាប់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ក្រោយពីធ្វើទារុណកម្មរហូតជនរងគ្រោះស្លាប់ រួចយកសពប្លុងចោលលើផ្លូវបេតុង។

ឧក្រិដ្ឋកម្មនេះកើតឡើងនៅវេលាម៉ោង ១:៣០ រំលងអធ្រាត្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសង្កាត់ក្រាំងធ្នង់។ ជនសង្ស័យឈ្មោះ KE ZETAO ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិចិន ជាអ្នកបើករថយន្ត ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៨ ខែមីនា នៅក្នុងបុរីភ្នំពេញថ្មី។

សមត្ថកិច្ចបានស្រាវជ្រាវមិនដល់ ១២ ម៉ោងផង ក៏អាចកំណត់ទីតាំងជនសង្ស័យដែលកំពុងលាក់ខ្លួន និងឈានដល់ការចាប់ខ្លួនបាន។ ជនសង្ស័យស្នាក់នៅផ្ទះជួលលេខ៣២ បុរីភ្នំពេញថ្មី ផ្លូវបេតុង។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួក សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត។

ឧក្រិដ្ឋកម្មនេះបានធ្វើឱ្យសាធារណជនមានការភ័យខ្លាច និងរន្ធត់យ៉ាងខ្លាំង ដោយសារភាពឃោរឃៅនៃឧក្រិដ្ឋកម្ម និងវិធីសាស្រ្តក្នុងការលាក់សំណល់ឧក្រិដ្ឋកម្ម។
