សហរដ្ឋអាមេរិកនៅតែបន្តស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តអាស៊ី ជាពិសេសជប៉ុន ចិន និងកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងប្រតិបត្តិការការពារច្រកសមុទ្រ Hormuz ដែលត្រូវបានបិទដោយអ៊ីរ៉ង់ក្នុងអំឡុងសង្គ្រាមបច្ចុប្បន្ន។

ប្រធានាធិបតីដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃសុក្រថា៖ «វានឹងជាការល្អប្រសើរប្រសិនបើប្រទេសជប៉ុន ចិន និងប្រទេសដទៃទៀតដែលពឹងផ្អែកលើថាមពលប្រេងពីមជ្ឈិមបូព៌ា ចូលរួមជាមួយយើងក្នុងការពារការដឹកជញ្ជូនក្នុងច្រកសមុទ្រ Hormuz»។
ការអំពាវនាវនេះកើតឡើងក្រោយពីសង្គ្រាមនៅអ៊ីរ៉ង់បានអូសបន្លាយឈានដល់សប្តាហ៍ទី៤ ដោយមិនទាន់មានភាគីណាមួយចូលរួមជាមួយអាមេរិកក្នុងប្រតិបត្តិការបើកច្រកសមុទ្រនេះឡើងវិញ។

លោកត្រាំបានអះអាងបន្ថែមថា៖ «សមយុទ្ធយោធាសាមញ្ញមួយអាចប្រើដើម្បីបើកច្រកសមុទ្រឡើងវិញ ដែលត្រូវបានបិទដោយអ៊ីរ៉ង់ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ»។ ព័ត៌មាននេះត្រូវបានផ្សាយដោយសារព័ត៌មានជប៉ុន KYODO NEWS នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងសន្និសីទសារព័ត៌មាន លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងមិនប្រើប្រាស់ច្រកសមុទ្រនេះទេ… យើងមិនត្រូវការវានោះទេ។ ប៉ុន្តែអឺរ៉ុបត្រូវការវា។ កូរ៉េខាងត្បូង ជប៉ុន ចិន និងប្រទេសជាច្រើនទៀត។ ដូច្នេះពួកគេនឹងត្រូវចូលរួមខ្លះលើរឿងនេះ»។

ការថ្លែងរបស់លោកត្រាំកើតឡើងមួយថ្ងៃបន្ទាប់ពីការជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី ណាសាអេ តាកាអ៊ិឈិ នៅសេតវិមាន។ លោកក៏បានសរសើរប្រទេសជប៉ុនចំពោះការបោះជំហានទៅមុខជាមួយអាមេរិក ដោយប្រៀបធៀបជាមួយសម្ព័ន្ធភាពសន្តិសុខណាតូ។
ទោះបីជាលោកត្រាំបានសរសេរនៅលើបណ្តាញសង្គមពីមុនថាលោកលែងស្វែងរកជំនួយពីសម្ព័ន្ធមិត្តក៏ដោយ ក៏ការលើកឡើងចុងក្រោយរបស់លោកបានបង្ហាញថា លោកនៅតែចង់បានការគាំទ្រពីប្រទេសដទៃទៀត ដើម្បីធានាសុវត្ថិភាពដល់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រនេះ។
