មន្ទីរបញ្ចកោណរៀបចំផែនការបញ្ជូនទ័ពជើងគោកចូលវាយអ៊ីរ៉ង់ ប្រសិនបើត្រូវការ

មន្ទីរបញ្ចកោណរៀបចំផែនការបញ្ជូនទ័ពជើងគោកចូលវាយអ៊ីរ៉ង់ ប្រសិនបើត្រូវការ

កងទ័ពអាមេរិក

មន្ត្រីជាន់ខ្ពស់នៃមន្ទីរបញ្ចកោណ (Pentagon) បានចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់ការដាក់ពង្រាយកងទ័ពជើងគោកអាមេរិកចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើមានការចាំបាច់។

យោងតាមប្រភពផ្ទៃក្នុងដែលបង្ហើបប្រាប់សារព័ត៌មាន CBS មេបញ្ជាការយោធាបានដាក់សំណើជាក់លាក់ ដើម្បីបង្កើនជម្រើសឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងជម្លោះរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ ផែនការទាំងនេះរួមមានទាំងការចាប់ខ្លួនទាហានអ៊ីរ៉ង់ និងក្រុមជីវពលផងដែរ។

ការត្រៀមទ័ព

ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់មានគម្រោងដាក់ទ័ពនៅទីណានោះទេ ប៉ុន្តែលោកក៏បានបន្ថែមថា ប្រសិនបើលោកធ្វើមែន លោកក៏មិនប្រាប់ឲ្យដឹងមុនដែរ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានពន្យល់ថា មន្ទីរបញ្ចកោណត្រូវតែរៀបចំជម្រើសឲ្យបានច្រើនបំផុតសម្រាប់មេបញ្ជាការកំពូល។ ទោះជាយ៉ាងនេះក្តី យោធាអាមេរិកកំពុងតែបន្តរៀបចំផ្នែកភស្តុភារយ៉ាងសកម្ម ដែលរួមមានការត្រៀមលក្ខណៈពីកងពលលេខ៨២ កងកម្លាំងឆ្លើយតបសកល និងអង្គភាពកងពលតូចម៉ារីន។

កងទ័ពម៉ារីន

បច្ចុប្បន្ននេះ កងពលម៉ារីនរាប់ពាន់នាក់កំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងវត្តមានរបស់អាមេរិក។ នាវាចម្បាំងចំនួន៣គ្រឿង ដែលដឹកកងពលម៉ារីនប្រហែល ២២០០នាក់ បានចាកចេញពីសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

ចលនាយោធាទាំងអស់នេះបានបង្ហាញយ៉ាងច្បាស់ថា មន្ទីរបញ្ចកោណកំពុងតែពង្រីកសមត្ថភាពវាយលុករបស់ខ្លួនឲ្យកាន់តែធំ បើទោះបីជារដ្ឋាភិបាលអាមេរិកនៅតែរក្សាភាពស្ងៀមស្ងាត់ក៏ដោយ។

administrator

Related Articles