ទីក្រុងតេអេរ៉ង់៖ អ្នកនាំពាក្យឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ លោកអាលី មហាម៉ាត់ ណាអ៊ីនី បានស្លាប់ក្នុងការវាយប្រហាររួមពីសំណាក់យោធាអាមេរិក និងអ៊ីស្រាអែល នៅយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រ។

អ្នកនាំពាក្យរូបនេះ អាយុ៦៨ឆ្នាំ មានឋានន្តរស័ក្ដិឧត្ដមសេនីយ៍ទោ បានកាន់តំណែងចាប់តាំងពីឆ្នាំ២០២៤។ ឆ្មាំបដិវត្តអ៊ីរ៉ង់បានចេញសេចក្ដីប្រកាសចាត់ទុកការធ្វើឃាតនេះជាអំពើភេរវកម្មដ៏កំសាក។

មុនពេលស្លាប់ត្រឹមតែប៉ុន្មានម៉ោង លោកបានបង្ហាញវត្តមាននៅលើទូរទស្សន៍ជាតិ ដើម្បីបញ្ជាក់ថាអ៊ីរ៉ង់នៅតែមានសមត្ថភាពពេញលេញក្នុងការផលិតគ្រាប់មីស៊ីល។

កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថ្លែងថាអ៊ីរ៉ង់លែងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងផលិតមីស៊ីលផ្លោងតទៀត។ យោធាអ៊ីស្រាអែលប្រកាសថាខ្លួនបើកការវាយប្រហារទៅលើអ៊ីរ៉ង់ភាគខាងកើត នៅពេលប្រទេសអ៊ីរ៉ង់កំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។

ត្រឹមតែមិនដល់បីសប្ដាហ៍ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងដំបូង មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានស្លាប់ជាច្រើននាក់ រួមមានអតីតមេដឹកនាំកំពូល អាយ៉ាតូឡា អាលី ខាមេនី ប្រធានឧត្ដមក្រុមប្រឹក្សាសន្តិសុខជាតិ លោកអាលី ឡារីចានី និងប្រធានកងទ័ពបាស៊ីក ឧត្ដមសេនីយ៍ទោសូឡេម៉ានី។
ប្រភព៖ អាល់ចាស៊ីរ៉ា និងប្រភពដទៃទៀត
