រាជធានីភ្នំពេញ – នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សាលាអន្តរជាតិវេសវីយូកម្ពុជា បានចុះហត្ថលេខាកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយមហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne ដែលជាស្ថាប័នឧត្តមសិក្សាចំណាត់ថ្នាក់លេខ១នៅប្រទេសអូស្ត្រាលី។

ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងស្ថាប័នទាំងពីរបានចាប់ផ្តើមតាំងពីឆ្នាំ២០២២មក ដោយមានឆន្ទៈរួមក្នុងការលើកស្ទួយគុណភាពអប់រំ និងអភិវឌ្ឍសមត្ថភាពសិក្សាឱ្យស្របតាមស្តង់ដារអន្តរជាតិ។
កិច្ចសហការនេះបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សិស្សានុសិស្ស រួមមានការរៀបចំដំណើរទស្សនកិច្ចសិក្សាប្រចាំឆ្នាំទៅកាន់មហាវិទ្យាល័យ Trinity ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។

លើសពីនេះ មានសិស្សពីសាលាអន្តរជាតិវេសវីយូកម្ពុជាបានចូលរៀនក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅមហាវិទ្យាល័យ Trinity ដោយជោគជ័យ ហើយមួយចំនួនទៀតបានចាប់ផ្តើមការសិក្សាកម្រិតឧត្តមសិក្សានៅខែកុម្ភៈ ឆ្នាំ២០២៦។
ការសហការនេះក៏បាននាំមកនូវអាហាររូបករណ៍ដ៏មានតម្លៃ ដែលមហាវិទ្យាល័យ Trinity បានផ្តល់ជូនអាហាររូបករណ៍ស្មើនឹង ១០,០០០ ដុល្លារអាមេរិក ចំនួន ២ កន្លែងដល់សិស្សានុសិស្សនៃសាលាអន្តរជាតិវេសវីយូកម្ពុជា។

ស្ថាប័នទាំងពីរបានបង្ហាញពីការផ្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានស៊ីជម្រៅ និងជិតស្និទ្ធថែមទៀត ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស និងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពអប់រំអន្តរជាតិនៅកម្ពុជា និងបើកឱកាសថ្មីៗដល់សិស្សានុសិស្សកម្ពុជាក្នុងការទទួលបានការអប់រំកម្រិតពិភពលោក។
