ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានការពិភាក្សាជំរុញជើងហោះហើរត្រង់ពីទីក្រុងធំៗនៃកូរ៉េទៅខេត្តសៀមរាបជាប្រចាំ។

ក្នុងជំនួបជាមួយដៃគូសហប្រតិបត្តិការអន្តរជាតិលើកទី១៨ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាជាមួយលោក Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ដើម្បីពង្រឹងសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ និងទទួលយកពលករខ្មែររាប់ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។ លោកក៏បានជម្រាបជូនពីស្ថានភាពទេសចរណ៍កម្ពុជា និងយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មអនឡាញដែលកំពុងដំណើរការ។

ឆ្លើយតបវិញ លោកឯកអគ្គរដ្ឋទូតកូរ៉េ បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបង្រ្កាបឧក្រិដ្ឋកម្មអនឡាញ និងច្បាប់ប្រឆាំងឧក្រិដ្ឋកម្មអនឡាញដែលបានអនុម័ត។

កិច្ចពិភាក្សាបានផ្តោតលើការជំរុញជើងហោះហើរត្រង់ពីទីក្រុងធំៗនៃកូរ៉េទៅសៀមរាប ការរៀបចំកញ្ចប់ទស្សនកិច្ចដែលមានការច្នៃប្រឌិតខ្ពស់ និងកិច្ចសហប្រតិបត្តិការថ្មីៗដើម្បីបង្កើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ។




ដោយ៖ តារា
