
សៀមរាប៖ ករណីឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង ៨:៤០នាទី។ ហេតុការណ៍នេះបណ្តាលមកពីជម្លោះពាក្យសម្ដីរវាងកសិករពីរនាក់ ដែលបានឈានទៅដល់ការប្រើប្រាស់អាវុធ។

ជនសង្ស័យ ញឹម ម៉ៅ ហៅសាក់ អាយុ ៥៣ឆ្នាំ បានប្រើកាំភ្លើងខ្លីម៉ាក K54 បាញ់ប្រហារលើជនរងគ្រោះ អ៊ុត ថៃ អាយុ ៥៧ឆ្នាំ ដែលទាំងពីរជាអ្នកស្រុកភូមិបិតផ្កា ឃុំស្វាយលើ។ ការបាញ់នេះបណ្តាលឱ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ។

នគរបាលសៀមរាបបានចាត់វិធានការភ្លាមៗ និងចាប់ខ្លួនជនសង្ស័យបានដោយជោគជ័យ។ កម្លាំងសមត្ថកិច្ចបានដកយកវត្ថុតាងកាំភ្លើងខ្លីម៉ាក K54 ដែលមានបង់ចំនួន២បង់ និងគ្រាប់ចំនួន១៦គ្រប់។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុចម្បងនៃហេតុការណ៍នេះគឺទំនាស់ពាក្យសម្ដីក្នុងពេលកើតហេតុ រួមជាមួយនឹងជម្លោះដែលមានជាមុនរវាងភាគីទាំងពីរ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។
គ្រួសារជនរងគ្រោះបានស្នើឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវយ៉ាងលម្អិត ដោយសង្ស័យថា អាចមានអ្នកពាក់ព័ន្ធបន្ថែមនៅពីក្រោយខ្នង។ ករណីនេះកំពុងទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ច។
