វ៉ាស៉ីនតោន – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញសំដីរិះគន់យ៉ាងខ្លាំងទៅលើសម្ព័ន្ធមិត្ត NATO កាលពីថ្ងៃសុក្រទី២០ មីនា ដោយហៅពួកគេថា “កំសាក” និង “ខ្លាក្រដាស” បន្ទាប់ពីមិនព្រមគាំទ្រសង្គ្រាមរបស់អាមេរិក-អ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់។

តាមរយៈសារព័ត៌មាន Reuters លោកត្រាំបានបន្តរិះគន់ថា ប្រទេសសមាជិក NATO មិនចង់ចូលរួមជួយក្នុងសង្គ្រាមប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែពេលដូចគ្នាក៏ត្អូញត្អែរពីបញ្ហាតម្លៃប្រេងឡើងខ្ពស់ដែរ។ លោកបានព្រមានថា អាមេរិកនឹង”ចងចាំរឿងនេះទុក” និងបន្ថែមថា “បើគ្មានសហរដ្ឋអាមេរិកទេ NATO គ្រាន់ជាខ្លាក្រដាសមួយប៉ុណ្ណោះ”។
ក្នុងសន្ទរកថារបស់លោក ប្រធានាធិបតីអាមេរិកបានអំពាវនាវឱ្យសម្ព័ន្ធមិត្តជួយធានាសុវត្ថិភាពកប៉ាល់ដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនិងឧស្ម័ន២០ភាគរយរបស់ពិភពលោក។

សង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឱ្យមានជនរងគ្រោះរាប់ពាន់នាក់ និងបង្ខំឱ្យរាប់លាននាក់ភៀសខ្លួន ខណៈដែលការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលលើអ៉ីរ៉ង់ចាប់ផ្ដើមពីថ្ងៃទី២៨ កុម្ភៈ បានធ្វើឱ្យទីផ្សារសកលញ័ររញ្ជួយ។ គួរកត់សំគាល់ថា មុនពេលចាប់ផ្ដើមការវាយប្រហារ ទីក្រុងវ៉ាស៉ីនតោនមិនបានពិគ្រោះយោបល់ឬផ្ដល់ដំណឹងជាមុនដល់សម្ព័ន្ធមិត្តរបស់ខ្លួនឡើយ។
ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៉ីតាលី ហូឡង់ ជប៉ុន និងកាណាដា បានសន្យាក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា នឹងចូលរួមក្នុងកិច្ចប្រឹងប្រែងធានាសុវត្ថិភាពនៅច្រកសមុទ្រ Hormuz។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងនេះទាមទារឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នាជាមុនសិន។

ភាពតានតឹងរវាងអាមេរិកនិងសម្ព័ន្ធមិត្ត NATO កំពុងកើនឡើងជាលំដាប់ ដោយលោកត្រាំបានបន្តរិះគន់ថា ក្រុមប្រទេស NATO “មិនចង់ចូលជួយ” ក្នុងសង្គ្រាមប្រឆាំងអ៉ីរ៉ង់ ប៉ុន្តែពេលដូចគ្នាក៏ខ្វះការយល់ព្រមពីការឡើងថ្លៃប្រេងដែលបណ្ដាលមកពីភាពតានតឹងតំបន់។ ស្ថានការណ៍នេះធ្វើឱ្យមានការសង្ស័យអំពីភាពស្ថិតស្ថេរនៃសម្ព័ន្ធភាពយោធាដ៏សំខាន់បំផុតនៅក្នុងពិភពលោក។
