ភ្នំពេញ៖ ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋក្នុងស្ថានភាពតម្លៃប្រេងឥន្ធនៈកើនឡើងជាសកល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ជាច្រើន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ចាប់តាំងពីមានជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងជាសកល រាជរដ្ឋាភិបាលបានអនុវត្តវិធានការចាំបាច់ជាបន្តបន្ទាប់។

វិធានការដែលបានអនុវត្តរួចរួមមាន៖
១. បន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ
២. បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ក្នុងករណីថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារ/បារ៉ែល
៣. ពន្ធគយ ០ (សូន្យ) លើការនាំចូលប្រេងឥន្ធនៈ
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការបន្ថែមទៀត៖
១. បញ្ចុះអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ ដុល្លារ
២. បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូត ពី ៤% មក ០%
៣. បញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូត ពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%
ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានស្ថានភាពទីផ្សារប្រេងឥន្ធនៈ និងពិនិត្យលទ្ធភាពដាក់ចេញវិធានការបន្ថែមទៀតតាមតម្រូវការ។
ដោយ៖ សិលា
