ភ្នំពេញ៖ គណៈកម្មការទី៥ នៃព្រឹទ្ធសភា ដឹកនាំដោយលោកបណ្ឌិត ឈីវ យីស៊ាង បានជួបពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី១៨ មីនា ២០២៦។

កិច្ចប្រជុំដ៏សំខាន់នេះ មានការចូលរួមពីប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា ដោយផ្តោតលើការតាមដានសមិទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីសមិទ្ធផលសំខាន់ៗ រួមមានការទំនើបកម្មស្ថាប័ន ការពង្រឹងអភិបាលកិច្ច ការធ្វើបច្ចុប្បន្នភាពច្បាប់ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ទិន្នន័យថ្មីបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឆ្នាំ២០២៥ មានសរុប ១,៥៥២ អង្គភាព ដោយប្រព័ន្ធផ្សព្វផ្សាយថ្មី (អនឡាញ) កើនឡើងដល់ ៨៧៨ អង្គភាព ខណៈប្រព័ន្ធបុរាណធ្លាក់ចុះ ៦៨ អង្គភាព។

សម្រាប់ឆ្នាំ២០២៦ ក្រសួងព័ត៌មាននឹងបន្តជំរុញការអភិវឌ្ឍស្ថាប័ន លើកកម្ពស់គុណភាពព័ត៌មាន និងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន។

កិច្ចពិភាក្សាក៏ផ្តោតលើយុទ្ធសាស្ត្រគមនាគមន៍ក្នុងគ្រាមានវិបត្តិ និងតួនាទីសភាក្នុងការគាំទ្រវិស័យព័ត៌មាន។

លោកបណ្ឌិត ឈីវ យីស៊ាង បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ ដែលជាការខិតខំប្រឹងប្រែងដើម្បីការពារផលប្រយោជន៍ជាតិ។







ដោយ៖ តារា
