ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួលបានបើកប្រតិបត្តិការបង្ក្រាបយ៉ាងទាន់ពេលវេលា ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ដែលតែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិព្រៃទំពូង និងភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង ៣នាក់ មានឈ្មោះ ថុន ផានិត (ហៅចិន) អាយុ ២៨ឆ្នាំ, ម៉ង់ ម៉ៅ អាយុ៣៤ឆ្នាំ និង ព្រឿង ចន្ថា (ហៅថា) អាយុ២៨ឆ្នាំ។ ជនទាំង៣នាក់នេះមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានដូចគ្នា។ ចំណែកឯបក្ខពួក ២នាក់ទៀតដែលបានរត់គេចខ្លួនមានឈ្មោះ ឈួន ពយ អាយុ៣៥ឆ្នាំ និង ហុង សានទិ អាយុ ២៩ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៦កញ្ចប់តូច (ទម្ងន់ ១,៤៩ក្រាម), ទូរស័ព្ទដៃ ២គ្រឿង, អាយផេត ១គ្រឿង និងសម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួន។

ប្រភពដដែលបន្តថា មុនពេលឈានដល់ការបង្ក្រាប មានមហាជនបានរាយការណ៍ចូលទៅក្នុងកម្មវិធី NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកអង្គស្នួល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក ចុះទៅដល់គោលដៅ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថុន ផានិត មុនគេ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យថុន ផានិត បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ឈួន ពយ ក្នុងតម្លៃ ២ម៉ឺនរៀល ដើម្បីយកទៅប្រើប្រាស់ និងលក់បន្ត។ ផ្អែកតាមចម្លើយសារភាពនេះ កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការទៅដល់ភូមិអង្គស្នួលទី២ និងបានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត។
ជនសង្ស័យទាំង ៣នាក់ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ កងកម្លាំងក៏កំពុងបន្តស្រាវជ្រាវតាមប្រមាញ់បក្ខពួក ២នាក់ ដែលកំពុងគេចខ្លួន។
ដោយ៖ ចន្ទ លីហ្សា
