កម្មករវាយក្បាលមេជាងដែកដោយញញួរដែក បន្ទាប់ពីទារលុយថ្លៃពលកម្មមិនបានតាមតម្រូវការ

កម្មករវាយក្បាលមេជាងដែកដោយញញួរដែក បន្ទាប់ពីទារលុយថ្លៃពលកម្មមិនបានតាមតម្រូវការ

ភ្នំពេញ៖ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយបានកើតឡើងនៅក្នុងខណ្ឌដង្កោ នៅពេលដែលកម្មករជាងដែកម្នាក់បានប្រើញញួរដែកវាយក្បាលមេជាងរបស់ខ្លួន ដោយសារតែជម្លោះពីការទារលុយថ្លៃពលកម្ម។

ញញួរដែកដែលបានប្រើក្នុងការវាយ

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅមុខរោងចក្រឆាយណាទីង ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ជនរងគ្រោះគឺ លោក ហុង ឆៃយ៉ា អាយុ៣០ឆ្នាំ ជាមេជាងដែក ចំណែកជនសង្ស័យគឺ លោក ជា កណ្ណារដ្ឋ អាយុ៣៨ឆ្នាំ ជាកម្មកររបស់លោកហុង។

យោងតាមការស៊ើបអង្កេត កាលពីព្រឹកថ្ងៃកើតហេតុ ជនសង្ស័យបានមកសុំលុយថ្លៃពលកម្មពីមេជាងដើម្បីទៅលេងផ្ទះម្ដាយ។ មេជាងបានផ្តល់លុយចំនួន១៥,០០០រៀល ប៉ុន្តែជនសង្ស័យបាននិយាយថា “លុយប៉ុណ្ណឹងយកទៅធ្វើអីគ្រាន់” ទើបមេជាងបានផ្តល់បន្ថែមទៀតចំនួន២០,០០០រៀល។

នៅពេលក្រោយមក ជនសង្ស័យបានត្រឡប់មកកន្លែងធ្វើការវិញ ហើយបានសួរនាំរឿងលុយថ្លៃពលកម្មម្តងទៀត។ នៅពេលមេជាងបានឆ្លើយតបថា “លុយអីគេ មិនសូវមកធ្វើការផង” ជនសង្ស័យក៏បានស្ទុះទៅយកញញួរដែកដងស្រោបជ័រប្រវែង៣០សង់ទីម៉ែត្រ ហើយវាយទៅលើក្បាលជនរងគ្រោះចំនួនមួយដង ត្រូវចំក្បាលផ្នែកខាងក្រោយចំហៀងខាងឆ្វេង។

បន្ទាប់ពីការវាយប្រហារ ជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែត្រូវបាននគរបាលខណ្ឌដង្កោឃាត់ខ្លួនបាននៅផ្ទះរបស់គាត់។ ជនរងគ្រោះត្រូវបានដឹកទៅមណ្ឌលសុខភាពស្ពានថ្ម ដោយត្រូវដេររបួសក្បាលចំនួន៩ថ្នេរ។

នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យត្រូវបាននគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បញ្ចូនខ្លួនទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។ វត្ថុតាងដែលត្រូវបានចាប់យករួមមានញញួរដែកដងស្រោបជ័រចំនួន០១។

administrator

Related Articles