ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានជួបជុំគ្នាទៅទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox)។

សូមជម្រាបថា សមរាត្រីអង្គរ (Angkor Equinox) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត។

ព្រឹត្តិការណ៍នេះបានបង្កើតភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត។

ចំពោះព្រឹត្តិការណ៍សមរាត្រីនេះដែរ នឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅរដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា (Autumnal Equinox) ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ។




ដោយ៖ តារា
