ខេត្តបាត់ដំបង៖ ករណីលួចទ្រព្យសម្បត្តិដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ស្រុកសង្កែ ដែលជនសង្ស័យចំនួន២នាក់បានហែករបង និងគាស់ពិដានផ្ទះចូលលួចទ្រព្យសម្បត្តិ។

ជនរងគ្រោះគឺអ្នកស្រី ឡេង សុភានី អាយុ២៣ឆ្នាំ ដែលបានបាត់បង់ទ្រព្យសម្បត្តិជាច្រើន រួមមាន ម៉ាស៊ីនកាត់ស្មៅ១គ្រឿង បំពង់ស៊ីមម៊ាំងម៉ូតូ១ដើម ខ្សែភ្លើងប្រមាណ៥០ម៉ែត្រ ខ្សែកអង្កាំបន្តោងព្រះ៣ខ្សែ និងរូបចម្លាក់មួយចំនួន។
ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលស្រុកសង្កែបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រតិបត្តិការនិងឃាត់ខ្លួនជនសង្ស័យទាំងពីរនៅកន្លែងកើតហេតុ។

ជនសង្ស័យដែលត្រូវបានចាប់ខ្លួនរួមមាន លោក ស៊ឹម ង៉ោល អាយុ៣០ឆ្នាំ និងលោក រីវ ចំរើន អាយុ៤៤ឆ្នាំ។ តាមការសាកសួរ ជនសង្ស័យទាំងពីរបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិដោយហែករបង និងគាស់ពិដានផ្ទះចូល។
សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន កន្ត្រៃ ដែកកាប់ ទុយឡឺវីស សោ និងរណាដែក។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសាងសំណុំរឿង និងបញ្ជូនទៅកាន់ការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
