រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំរថយន្តក្រុង ២០គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

រដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំរថយន្តក្រុង ២០គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តស្ទឹងត្រែង៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តស្ទឹងត្រែងបានសម្រេចចិត្តរៀបចំរថយន្តក្រុងចំនួន ២០គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

រថយន្តក្រុងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ

ការដឹកជញ្ជូននេះនឹងដំណើរការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយមានគោលបំណងសម្រួលបន្ទុកចំណាយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅ។

លោក សិលា អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា៖ “នេះគឺជាការចូលរួមចំណែករបស់រដ្ឋបាលខេត្តជាមួយរាជធានីភ្នំពេញ ដើម្បីជួយសម្រាលបន្ទុកចំណាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។”

ព័ត៌មានលម្អិតអំពីពេលវេលា និងទីតាំង៖
• ពេលវេលាចេញដំណើរ៖ ម៉ោង ៥:៣០ព្រឹក (ពីភ្នំពេញទៅស្ទឹងត្រែង)
• ថ្ងៃទី១៧ មេសា៖ រថយន្តទាំង ២០គ្រឿងនឹងរង់ចាំដឹកអ្នកដំណើរពីស្ទឹងត្រែងត្រឡប់ទៅភ្នំពេញវិញ
• ទីតាំងចំណតភ្នំពេញ៖ ស្ថានីយ៍រថយន្តក្រុង (រង្វង់មូលគួចកាណុង)
• ទីតាំងចំណតស្ទឹងត្រែង៖ មាត់ទន្លេ (រង្វង់មូលព្រះពិរុណ)

ទីតាំងចំណតរថយន្តក្រុង

រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរផងដែរ ឱ្យរក្សាថ្លៃដឹកជញ្ជូនក្នុងឱកាសបុណ្យនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកចំណាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាប និងចូលរួមធ្វើដំណើរតាមរថយន្តក្រុង (City Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រាជធានីភ្នំពេញ ដោយមានសុវត្ថិភាព និងផាសុខភាព៕

administrator

Related Articles