វ៉ាស៊ីនតោន៖ លោកត្រាំបានចេញសំដីរិះគន់ខ្លាំងៗទៅលើក្រុមសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូ ដោយចាត់ទុកពួកគេថាជា “ក្រុមកំសាក” ដែលមិនហ៊ានចូលរួមជួយអាមេរិកក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់។

លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គមដោយសរសេរថា៖ «បើគ្មានអាមេរិកទេ ណាតូគ្រាន់តែជាខ្លាក្រដាសតែប៉ុណ្ណោះ»។ សំដីនេះបានធ្វើឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសសម្ព័ន្ធមិត្ត។
អស់ជាច្រើនថ្ងៃហើយ លោកត្រាំបានអំពាវនាវឱ្យក្រុមសម្ព័ន្ធមិត្ត និងប្រទេសដទៃទៀតជួយបើកច្រកហ័រម៉ូសដែលត្រូវអ៊ីរ៉ង់បិទខ្ទប់ជិតឈឹង មិនអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេង និងឧស្ម័នឆ្លងកាត់បាន។ បញ្ហានេះធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ជាបន្តបន្ទាប់។

លោកត្រាំថ្លែងថាក្រុមប្រទេសសម្ព័ន្ធមិត្តនៅក្នុងអង្គការណាតូចេះតែត្អូញត្អែរអំពីបញ្ហាប្រេងឡើងថ្លៃ ប៉ុន្តែពួកគេមិនចង់ចូលរួមជាមួយអាមេរិកដើម្បីវាយប្រហារអ៊ីរ៉ង់សោះ។
«ឥឡូវនេះ អាមេរិកមើលឃើញជ័យជម្នះយោធាជាបណ្ដើរៗហើយ ប៉ុន្តែនៅក្នុងស្ថានភាពដែលពួកគេប្រឈមនឹងគ្រោះថ្នាក់តិចតួចជាទីបំផុត ពួកគេនៅតែត្អូញត្អែរអំពីប្រេងឡើងថ្លៃ» លោកត្រាំបានសរសេរ។
គួរកត់សម្គាល់ថា ប្រទេសដែលលោកត្រាំបោះដៃទៅរកនោះសុទ្ធតែមិនបានដឹងថាអាមេរិកមានផែនការវាយប្រហារអ៊ីរ៉ង់នៅពេលណាទេ ព្រោះមិនបានជូនដំណឹង ឬសួរយោបល់អ្វីទាំងអស់។

អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី ហូឡង់ ជប៉ុន និងកាណាដាបានចេញសេចក្ដីថ្លែងការណ៍រួមកាលពីយប់មិញដោយសន្យាថានឹងចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីចាត់វិធានការដ៏សមស្របណាមួយជួយសម្រួលដល់សុវត្ថិភាពរបស់កប៉ាល់ដែលបើកចេញ-ចូលច្រកសមុទ្រហ័រម៉ូស។
ប៉ុន្តែអធិការបតីអាល្លឺម៉ង់ លោកហ្វ្រីតរីច ម៊ែក បញ្ជាក់ច្បាស់ហើយថាលោកនឹងចូលរួមអនុវត្តផែនការនេះលុះត្រាតែសង្គ្រាមប្រដាប់អាវុធបិទបញ្ចប់ជាមុនសិន។
ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
