ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព្រះរាជាណាចក្រកម្ពុជា បានដាស់តឿនពលរដ្ឋអ្នកប្រើប្រាស់ហ្វេសប៊ុកឱ្យប្រុងប្រយ័ត្នកុំចាញ់បោកពួកក្បត់ជាតិដែលបង្កើតគណនីក្លែងក្លាយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ “កន្លងមក ពួកក្បត់ជាតិបានបង្កើតផេកហ្វេសប៊ុកក្លែងក្លាយមួយដែលមានរូបថតនិងឈ្មោះខ្ញុំ ហើយតែងបង្ហោះព័ត៌មានមិនពិត។ តើពួកក្បត់ជាតិនេះបើមិនបានភូតកុហក វាងាប់ឬអី? បានជាពួកវាបន្តបោកប្រាស់ប្រជាជនបែបនេះ។”
សម្តេចបានបន្តថា៖ “ខ្ញុំសូមបងប្អូនអ្នកប្រើប្រាស់ហ្វេសប៊ុកប្រុងប្រយ័ត្ន កុំចាញ់បោកពួកក្បត់ជាតិទាំងនេះ។ ខ្ញុំមានហ្វេសប៊ុកតែមួយគត់ដែលមានអ្នកតាមដានជាង១៥លាននាក់។”

សម្តេចតេជោ ហ៊ុន សែន បានធ្វើការលើកឡើងខាងលើតាមរយៈផេកផ្លូវការរបស់គាត់ ដោយដាស់តឿនពលរដ្ឋឱ្យពិនិត្យឱ្យបានច្បាស់មុនពេលជឿព័ត៌មានណាមួយនៅលើបណ្តាញសង្គម។
ដោយ៖ សិលា
