កងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមក្មេងទំនើង៤នាក់ កាន់កាំបិត-ដាវ អុកឡុកក្នុងភូមិ

កងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមក្មេងទំនើង៤នាក់ កាន់កាំបិត-ដាវ អុកឡុកក្នុងភូមិ

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើង៤នាក់ ដែលប្រដាប់ដោយកាំបិត និងដាវ នាំគ្នាអុកឡុកក្នុងភូមិ បង្កភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាប និងឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ។

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ

ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអាវុធហត្ថ បានចេញប្រតិបត្តិការដោយបង្ក្រាបក្រុមក្មេងទំនើង៤នាក់ ដែលធ្វើឲ្យបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សន្តិសុខតាមមូលដ្ឋាន។

វត្ថុតាងដែលដកហូតបាន

របាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា កាលពីវេលាម៉ោង ២០៖០១នាទីនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្រោយពេលទទួលបានការប្តឹងតាមរយៈលេខ Hotline 1292 ពីប្រជាពលរដ្ឋ នៅភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ស្តីពីករណីក្មេងទំនើងកាន់កាំបិត និងដាវ អុកឡុកក្នុងភូមិ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនោះ កម្លាំង អ.ហ ស្រុកសំរោងទង បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនបង្ក៤នាក់ភ្លាមៗ នៅត្រង់ចំណុចភូមិព្រៃរំដួល ឃុំកាហែង។

កម្លាំងអាវុធហត្ថកំពុងប្រតិបត្តិការ

ជនបង្កទាំងនោះរួមមាន៖ ទី១៖ ឈ្មោះ ជិន ប្រុស (ហៅតឿ) អាយុ២២ឆ្នាំ មុខរបរកម្មករលើកមាន់ រស់នៅភូមិ ថ្លុកក្រដាស់ ឃុំសែនដី ស្រុកសំរោងទង។ ទី២៖ ឈ្មោះ រឿន សុវណ្ណារ័ត្ន អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ត្រពាំងព្រៃ ឃុំសែនដី ស្រុកសំរោងទង។ ទី៣៖ ឈ្មោះ សួស ប៊ុនហេង អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្ររស់នៅភូមិ ថ្លុកក្រដាស់ ឃុំសែនដី ស្រុកសំរោងទង។ និងទី៤៖ ឈ្មោះ ស៊ុន រិន អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ត្រពាំងព្រៃ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនបង្កត្រូវបានឃាត់ខ្លួន

ក្រោយពីការឃាត់ខ្លួន កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូចំនួន៣គ្រឿង កាំបិតកាំបិតផ្គាក់ ចំនួន២ដើម ដាវ១ដើម និងទូរស័ព្ទ១គ្រឿង។ បច្ចុប្បន្នជនបង្ក និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ អ.ហ ខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។

ដោយ៖ តារា

administrator

Related Articles