ទីក្រុងតេហេរ៉ង់៖ ក្នុងពេលសង្គ្រាមមជ្ឈិមបូព៌ាកំពុងពុះកញ្ជ្រោល អ៊ីរ៉ង់បានព្រមានអង់គ្លេសឲ្យប្រយ័ត្នកើតរឿងធំ បើហ៊ានផ្តល់មូលដ្ឋានទ័ពរបស់ខ្លួនឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានព្រមានក្នុងជំនួបតាមទូរស័ព្ទជាមួយសមភាគីអង់គ្លេស Yvette Cooper នៅថ្ងៃសុក្រទី២០ មីនា ២០២៦ ថា៖ «ការអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស នឹងត្រូវចាត់ទុកថាជាការចូលរួមក្នុងអំពើឈ្លានពាន»។
លោក Araghchi បានចោទប្រកាន់អង់គ្លេសនិងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតថា «លម្អៀង» ចំពោះអ្វីដែលលោកហៅថាជា «ការឈ្លានពានដោយបើកចំហ» ពីសំណាក់អាមេរិកនិងអ៊ីស្រាអែល។

ការព្រមាននេះសំដៅជាពិសេសទៅលើមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅបរទេស ដូចជា Akrotiri នៅស៊ីប និង HMS Jukair នៅបារ៉ែន ដែលស្ថិតនៅទល់មុខឆ្នេរសមុទ្រអ៊ីរ៉ង់។
តាមរយៈការប្រើពាក្យបច្ចេកទេសនេះ អ៊ីរ៉ង់ចង់បញ្ជាក់ថា អង់គ្លេសលែងជាប្រទេសអព្យាក្រឹតទៀតហើយ ហើយអ៊ីរ៉ង់រក្សាសិទ្ធិក្នុងការវាយបកទៅលើទ្រព្យសម្បត្តិយោធាអង់គ្លេសដោយផ្ទាល់។
អត្ថបទ៖ សុខ សុវណ្ណ
