ភ្នំពេញ – ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសអំពីគោលនយោបាយថ្មីចំពោះសង្រ្គាមជាមួយអ៊ីរ៉ង់ ដោយលោកចង់បញ្ចប់សង្រ្គាមនេះ ប៉ុន្តែតម្រូវឲ្យប្រទេសផ្សេងៗទៀតដែលប្រើប្រាស់ច្រកសមុទ្រ Hormuz ត្រូវយាមកាមនិងការពារវាដោយខ្លួនឯង។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសុក្រទី២០មីនា ២០២៦ លោកត្រាំសរសេរថា៖ «យើងកាន់តែខិតជិតសម្រេចបាននូវគោលដៅហើយ ខណៈយើងពិចារណាកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងខាងយោធាដ៏ធំនៅមជ្ឈិមបូព៌ា។ ច្រកសមុទ្រ Hormuz នឹងត្រូវយាមកាមនិងត្រួតពិនិត្យតាមតម្រូវការ ដោយប្រទេសដទៃទៀតដែលប្រើប្រាស់វា ចំណែកសហរដ្ឋអាមេរិកមិនប្រើប្រាស់ច្រកនេះទេ!»។
លោកត្រាំមានបំណងឲ្យប្រទេសដែលទទួលផលពីប្រេងនៅតំបន់នោះ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ជាអ្នកចេញមុខការពារផ្លូវទឹកដោយខ្លួនឯង ដើម្បីចៀសវាងការឲ្យអាមេរិកចំណាយលុយនិងកម្លាំងទ័ពតែម្នាក់ឯង។
ការអះអាងនេះកើតឡើងបន្ទាប់ពីតម្លៃប្រេងឆៅម៉ាក Brent បានហក់ឡើងដល់ ១១២.៦៦ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៣.៦៩% ធៀបនឹងថ្ងៃមុន និងកើនជាង ៤៧% ចាប់តាំងពីសង្រ្គាមផ្ទុះឡើង។

រឿងនេះកើតឡើងក្រោយពីអាមេរិកកំពុងតែពន្លឿនការបញ្ជូនកងកម្លាំងយោធាប្រមាណ ៨,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងប្រតិបត្តិការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់។
តាមព័ត៌មានពី Newsmax និង Anadolu ក្រុមនាវាចម្បាំង USS Boxer និងកងពលតូចម៉ារីនលេខ១១ បានចាកចេញពីឆ្នេរសមុទ្រប៉ាស៊ីហ្វិកមុនកាលកំណត់ ដោយមន្ត្រីជើងទឹកនិងកងទ័ពម៉ារីនត្រូវបានបញ្ជាឲ្យកាត់បន្ថយថ្ងៃឈប់សម្រាកដើម្បីប្រញាប់ទៅសមរភូមិ។
