ភ្នំពេញ៖ កងទ័ពអ៊ីស្រាអែលបានចំណាយជាង ៦.៤ ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែ ២០ថ្ងៃដំបូងនៃសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នេះបើតាមកាសែត Haaretz របស់អ៊ីស្រាអែលរាយការណ៍នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍បានបង្ហាញថា ការចំណាយប្រចាំថ្ងៃជាមធ្យមឈានដល់ជាង ៣២០លានដុល្លារ ក្នុងអំឡុងពេលប្រតិបត្តិការសង្គ្រាម។ ថវិកាសរុបដែលបានបែងចែកសម្រាប់ការគ្រប់គ្រងសង្គ្រាមនៅអ៊ីរ៉ង់មានចំនួន ១២.៥ប៊ីលានដុល្លារ។
ប្រភពព័ត៌មានបានបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលកំពុងរៀបចំស្នើសុំមូលនិធិបន្ថែម ដោយរដ្ឋាភិបាលអ៊ីស្រាអែលបានអនុម័តការបែងចែកថវិកាបន្ទាន់ចំនួន ៨២៥លានដុល្លារ កាលពីថ្ងៃអាទិត្យសម្រាប់ផ្គត់ផ្គង់សម្ភារៈសន្តិសុខបន្ទាន់។

ទីក្រុង Tel Aviv រំពឹងថានឹងធ្វើវិសោធនកម្មផែនការចំណាយឆ្នាំ ២០២៦ របស់ខ្លួន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការទិញសម្ភារៈយោធា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel១២ របស់អ៊ីស្រាអែល។
លោក Kevin Hassett ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកចំណាយប្រាក់ជាង ១២ប៊ីលានដុល្លារចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដោយយោធា។

ការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់បានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ សម្លាប់មនុស្សជាង ១,៣០០ នាក់រហូតមកដល់ពេលនេះ រួមទាំងមេដឹកនាំកំពូល Ali Khamenei និងមន្រ្តីជំនិតផ្សេងទៀតក្នុងជួររដ្ឋាភិបាលអ៊ីរ៉ង់ផងដែរ។
