ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលការផ្សាយរបស់សារព័ត៌មានពលរដ្ឋ CJNEWS ដែលទាក់ទងនឹងតម្លៃស្រូវតាមកិច្ចសន្យា និងស្នើឱ្យកែតម្រូវខ្លឹមសារភ្លាមៗ។

យោងតាមការបង្ហោះលើគណនីផ្លូវការរបស់លោក ឃឹម ហ្វីណង់ ការចេញផ្សាយរបស់ CJNEWS តាមរយៈផេក «អំពីសហគមន៍កំពង់ធំ» កំពុងធ្វើឱ្យមានការយល់ច្រឡំលើការអនុវត្តតម្លៃស្រូវតាមកិច្ចសន្យារបស់សហគមន៍កសិកម្មទំនើប នៅក្នុងឃុំកំពង់គោ ខេត្តកំពង់ធំ។
ដើម្បីជៀសវាងការយល់ច្រលំ លោកបានធ្វើការបំភ្លឺនូវចំណុចសំខាន់ៗមួយចំនួន៖
• ថ្លៃផ្អែកលើគុណភាព៖ ការប្រែប្រួលថ្លៃទៅតាមគុណភាពស្រូវគឺជាការអនុវត្តស្តង់ដារក្នុងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។ យើងមិនដែលមានកិច្ចសន្យាណាដែលផ្តល់ថ្លៃដូចគ្នាចំពោះស្រូវគុណភាពខុសគ្នាឡើយ។
• ការចុះផ្សាយដោយខ្វះការផ្ទៀងផ្ទាត់៖ CJNEWS មិនបានទាក់ទងមកសុំការបំភ្លឺមុននឹងចេញផ្សាយនោះទេ សូម្បីតែរូបលោកផ្ទាល់ដែលជាមន្ត្រីទទួលបន្ទុកក៏ដោយ។
• ភាពចាំបាច់នៃការតភ្ជាប់ទីផ្សារ៖ សហគមន៍កសិកម្មទំនើបតម្រូវឱ្យមានកិច្ចសន្យាទិញទុកជាមុន ដើម្បីការពារកសិករពីហានិភ័យទីផ្សារ។
លោកបានស្នើឱ្យ CJNEWS ធ្វើការកែតម្រូវការចុះផ្សាយឡើងវិញ ដើម្បីជៀសវាងការយល់ច្រលំ និងធានាបាននូវការផ្តល់ព័ត៌មានសុក្រឹតជូនប្រជាកសិករ។
