ភ្នំពេញ៖ បុរសម្នាក់បើករថយន្តទៅមើលប្រពន្ធដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តខ្ទាតចេញពីជូរអស់ចំនួនបីកង់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២:៤០ យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តម៉ាកហាយលែនឌ័រ លេខផ្ទាំងភ្នំពេញ 2AX-2565 ត្រូវបានបុរសម្នាក់បើកបរទៅមើលប្រពន្ធដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានរេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ។

គ្រោះថ្នាក់នេះបណ្តាលឱ្យរថយន្តខ្ទាតចេញពីជូរអស់ចំនួនបីកង់ ខូចខាតចំហៀងខាងឆ្វេង ដាច់កាឡេកង់មុខ និងបែកកង់ក្រោយទៅមុខលែងរួច។ សំណាងល្អដែលអ្នកបើកបរមិនរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។


ដោយ៖ ចន្ទ លីហ្សា
