ជាការបង្ហាញជំហរដ៏រឹងមាំរបស់លោក ដូណាល់ ត្រាំ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលឈានចូលសប្តាហ៍ទី៣ហើយនោះ ប្រធានាធិបតីអាមេរិក អះអាងថា នឹងគ្មានបទឈប់បាញ់ជាមួយអ៊ីរ៉ង់ឡើយ តែភាគីទាំងពីរអាចជជែកគ្នាបាន។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃសុក្រទី២០ខែមីនាឆ្នាំ២០២៦ មេដឹកនាំប្រទេសមហាអំណាចផុតលេខវ័យ៧៩ឆ្នាំរូបនេះនិយាយថា៖ «ស្ដាប់ចុះ យើងអាចមានការសន្ទនាគ្នាបាន ប៉ុន្តែខ្ញុំមិនចង់មានបទឈប់បាញ់ឡើយ»។
លោកបន្តថា៖ «អ្នកមិនអាចមានបទឈប់បាញ់ទេ នៅពេលអ្នកកំពុងកម្ទេចភាគីម្ខាងទៀតឲ្យរាបដល់ដីទៅហើយនោះ។ ពួកគេគ្មានកងទ័ពជើងទឹក គ្មានកងទ័ពអាកាស គ្មានអ្នកសង្កេតការណ៍ គ្មានប្រព័ន្ធការពារយន្តហោះ និងគ្មានរ៉ាដាទៀតទេ ហើយមេដឹកនាំរបស់ពួកគេគ្រប់ជាន់ថ្នាក់ ក៏ត្រូវបានសម្លាប់អស់ទៅហើយដែរ»។
រឿងនេះកើតឡើងស្របពេលលោកត្រាំ បង្ហោះសារលើបណ្តាញសង្គម Truth Social នៅថ្ងៃដដែលនោះ ដោយបង្ហាញបំណងបញ្ចប់សង្រ្គាមអ៊ីរ៉ង់ តែតម្រូវឲ្យប្រទេសដទៃ យាមកាមច្រកសមុទ្រ Hormuz ដោយខ្លួនឯង។
ប្រមុខសេតវិមានសរសេរថា៖ «យើងកាន់តែខិតជិតសម្រេចបាននូវគោលដៅហើយ ខណៈយើងពិចារណាកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងខាងយោធាដ៏ធំនៅមជ្ឈិមបូព៌ា ពាក់ព័ន្ធនឹងរបបភេរវករអ៊ីរ៉ង់។ ច្រកសមុទ្រ Hormuz នឹងត្រូវយាមកាមនិងត្រួតពិនិត្យតាមតម្រូវការ ដោយប្រទេសដទៃទៀតដែលប្រើប្រាស់វា ចំណែកសហរដ្ឋអាមេរិកមិនប្រើប្រាស់ច្រកនេះទេ!»។
ក្នុងន័យនេះលោកត្រាំចង់សំដៅថា លោកមានបំណងឲ្យប្រទេសដែលទទួលផលពីប្រេងនៅតំបន់នោះ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ជាអ្នកចេញមុខការពារផ្លូវទឹកដោយខ្លួនឯង ចៀសវាងការឲ្យអាមេរិកចំណាយលុយ និងកម្លាំងទ័ពម្នាក់ឯង។
អត្ថបទ៖ សុខ សុវណ្ណ
