គោយន្តកន្ត្រៃដឹកកម្មករបេះស្វាយក្រឡាប់ បណ្ដាលរបួសធ្ងន់ស្រាល១៨នាក់នៅកំពង់ស្ពឺ

គោយន្តកន្ត្រៃដឹកកម្មករបេះស្វាយក្រឡាប់ បណ្ដាលរបួសធ្ងន់ស្រាល១៨នាក់នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍គោយន្តកន្ត្រៃដឹកកម្មករបេះស្វាយក្រឡាប់បណ្ដាលឲ្យមនុស្ស១៨នាក់រងរបួសធ្ងន់ស្រាល កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវកៅស៊ូលេខ៤៦ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច។

គោយន្តកន្ត្រៃក្រឡាប់នៅកន្លែងកើតហេតុ

នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា គោយន្តកន្ត្រៃម៉ាក RT125 ពណ៌ក្រហម បើកបរដោយអ្នកបើកបរឈ្មោះ បូ បុល អាយុ៣៥ឆ្នាំ បានដឹកកម្មករបេះស្វាយចំនួន១៧នាក់ទៀត នៅពេលត្រឡប់មកពីការងារបេះស្វាយ។ នៅវេលាម៉ោង៤:១០រសៀល គោយន្តបានរេចង្កូតទៅខាងស្តាំ ហើយក្រឡាប់ដោយខ្លួនឯង។

ក្នុងចំណោមអ្នករងគ្រោះទាំង១៨នាក់ មាន៧នាក់រងរបួសធ្ងន់ និង១១នាក់ទៀតរងរបួសស្រាល។ អ្នករងគ្រោះទាំងអស់រស់នៅក្នុងភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

កន្លែងកើតហេតុគោយន្តក្រឡាប់

ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ និងហៅរថយន្តសាមុយដឹកយកអ្នករងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច។ គោយន្តកន្ត្រៃរងការខូចខាតកម្រិតស្រាល ហើយត្រូវបាននគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ជាបណ្ដោះអាសន្ន។

នគរបាលធ្វើការវាស់វែងកន្លែងកើតហេតុ

នគរបាលស្រុកភ្នំស្រួចបញ្ជាក់ថា ករណីនេះនឹងត្រូវបានដោះស្រាយ និងចាត់ការបន្តតាមផ្លូវច្បាប់។ ការដឹកជញ្ជូនមនុស្សច្រើននាក់លើគោយន្តកន្ត្រៃជាការបំពានលើច្បាប់ចរាចរណ៍ និងបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពជីវិត។

ដោយ៖ សូរិយា

administrator

Related Articles