កម្ពុជាប្រកាសតវ៉ាថ្មីទៀតប្រឆាំងសកម្មភាពរំលោភព្រំដែនរបស់ថៃ

កម្ពុជាប្រកាសតវ៉ាថ្មីទៀតប្រឆាំងសកម្មភាពរំលោភព្រំដែនរបស់ថៃ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសថា កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការថ្មីទៀត ប្រឆាំងនឹងសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ។

ព្រំដែនកម្ពុជា-ថៃ

តាមការបញ្ជាក់ពីក្រសួង សកម្មភាពរំលោភថ្មីៗនេះកើតឡើងក្រោយបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នៅតំបន់បឹងត្រកួន មានផ្សែងហុយចេញពីទីតាំងចំនួនបី ដែលសន្មត់ថាជាផ្ទះកំពុងឆេះ ក្នុងតំបន់លំនៅដ្ឋានរបស់កម្ពុជា ដែលស្ថិតក្រោមការកាន់កាប់ខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ។

សកម្មភាពរំលោភព្រំដែន

នៅតំបន់អូរទឹកចោល ក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កម្លាំងថៃបានបន្តសកម្មភាពឈូសឆាយដីធ្លី ការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែលលាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅតំបន់ប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជា។

តាមសេចក្តីរាយការណ៍ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែងចែកដីចំនួន៣កន្លែងដល់ប្រជាពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការតវ៉ារបស់កម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់ថា កម្ពុជាមិនទទួលយកខ្សែព្រំដែន ឬការទាមទារទឹកដីណាមួយតាមការអះអាងជាឯកតោភាគីដោយប្រទេសថៃឡើយ។ រាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រទេសថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភទាំងនេះ និងធានាការអនុវត្តរាល់កិច្ចព្រមព្រៀងពាក់ព័ន្ធឱ្យបានពេញលេញ។

កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយប្រទេសថៃ ដោយរក្សាជំហរគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ៕

ដោយ៖ តារា

administrator

Related Articles