ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្មប្លន់សម្លាប់ដ៏សាហាវមួយករណី ដោយចាប់ខ្លួនជនសង្ស័យដែលជាមិត្តភក្តិជិតស្និទ្ធជាមួយជនរងគ្រោះបានជាស្រេច។

ព្រឹត្តិការណ៍នេះកើតឡើងនៅឃុំតាគ្រាម ស្រុកបាណន់ កាលពី១០ថ្ងៃមុន នៅពេលដែលជនរងគ្រោះឈ្មោះ ឆោម ឆៃយ៉ា អាយុ៣៥ឆ្នាំ បាត់ខ្លួនក្រោយពីទទួលទូរស័ព្ទហៅណាត់ជួបគ្នា។ ប៉ុន្តែ៩ថ្ងៃក្រោយមក សាកសពរបស់គាត់ត្រូវបានគេរកឃើញនៅក្នុងទឹកស្រះក្បែរជើងភ្នំ១៥០។

លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឱ្យដឹងថា៖ “ជនសង្ស័យឈ្មោះ ភឿក សារ៉ាវុធ ហៅសម្បត្តិ អាយុ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានភស្តុតាងគ្រប់គ្រាន់។ ដំបូងគាត់បដិសេធយ៉ាងដាច់ខាត ប៉ុន្តែក្រោយពីមានភស្តុតាងច្បាស់លាស់ គាត់បានសារភាពទទួលស្គាល់ទាំងអស់។”
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺ ជនសង្ស័យនិងជនរងគ្រោះរស់នៅក្នុងភូមិដូចគ្នា ហើយជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា។ ជាងនេះទៅទៀត ជនសង្ស័យបានទៅអង្គុយមើលសមត្ថកិច្ចពិនិត្យសាកសព ហើយថែមទាំងធ្វើជាជួយក្រុមគ្រួសារជនរងគ្រោះទៀតផង។

បើតាមសមត្ថកិច្ច ជនសង្ស័យបានល្បួងជនរងគ្រោះឱ្យជិះម៉ូតូចេញពីផ្ទះ បន្ទាប់មកក៏សម្លាប់ហើយប្លន់យកម៉ូតូថ្មីស្រឡាង១គ្រឿង និងខ្សែកមាសទម្ងន់២តំឡឹង។ ម៉ូតូនេះត្រូវបានគេយកទៅប្លុងចោលក្នុងទឹកនៅស្រុកថ្មគោល។

សាកសពជនរងគ្រោះមានស្នាមរបួសធ្ងន់ធ្ងរជាច្រើនកន្លែង ជាពិសេសត្រង់ក្បាលនិងលើផ្ទៃមុខ។ លើខ្លួនសាកសពគ្មានបន្សល់ទុកអ្វីទេ ដែលបញ្ជាក់ថាទ្រព្យសម្បត្តិទាំងអស់ត្រូវបានគេប្លន់យកអស់។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ និងស្រាវជ្រាវរកបក្សពួកបន្ថែមទៀត ដោយសង្ស័យថាអាចមានអ្នករួមគំនិតជាច្រើននាក់ទៀត។ ជនដៃដល់ត្រូវបានបន្តនីតិវិធីតាមផ្លូវច្បាប់។
