ខេត្តកំពង់ស្ពឺ៖ គោយន្តកន្ត្រៃមួយគ្រឿងដែលដឹកកម្មករបេះស្វាយចំនួន១៨នាក់បានក្រឡាប់តាមផ្លូវ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជិត២០នាក់ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤:១០រសៀល នៅលើផ្លូវកៅស៊ូលេខ៤៦ នៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច។ គោយន្តកន្ត្រៃម៉ាក RT125 ពណ៌ក្រហម បើកបរដោយអ្នកបើកបរឈ្មោះបូ បុល អាយុ៣៥ឆ្នាំ បានរេចង្កូតទៅខាងស្តាំ ក្រឡាប់ដោយខ្លួនឯង បណ្ដាលឲ្យអ្នកដំណើរទាំង១៨នាក់រងរបួស។

នគរបាលស្រុកភ្នំស្រួចបានរាយការណ៍ថា ក្នុងចំណោមអ្នករងរបួសទាំង១៨នាក់នេះ មាន៧នាក់រងរបួសធ្ងន់ និង១១នាក់រងរបួសស្រាល។ អ្នករងរបួសធ្ងន់ភាគច្រើនជាស្ត្រី រួមមាន មាស វណ្ណី (១៤ឆ្នាំ), សឿន ពេទ្រ (២៥ឆ្នាំ), យាយម៉ាប់ (៤៧ឆ្នាំ), អ៊ំ ហ៊ុល (៤៥ឆ្នាំ), និងឆៃលី (១៤ឆ្នាំ)។
បន្ទាប់ពីកើតហេតុ នគរបាលជំនាញបានចុះទៅកន្លែងកើតហេតុ ហើយបានហៅរថយន្តសាម៉ុយដឹកយកអ្នករងរបួសទាំងអស់ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច។ គោយន្តកន្ត្រៃដែលរងការខូចខាតកម្រិតស្រាលត្រូវបាននគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ រង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។

កម្មករបេះស្វាយទាំងនេះរស់នៅក្នុងភូមិសង្កែជ្រុំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពួកគាត់កំពុងធ្វើដំណើរត្រឡប់ពីការងារបេះស្វាយទៅផ្ទះ នៅពេលដែលគោយន្តកន្ត្រៃបានក្រឡាប់។
អត្ថបទសរសេរដោយ អ៊ំ ណូន
កែសម្រួលដោយ ធីតា
