នៅពេលដែលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងខ្ពស់នៅទូទាំងពិភពលោក សហរដ្ឋអាមេរិកបានចាប់ផ្តើមដំណាក់កាលដំបូងនៃការបញ្ចេញប្រេងឆៅចំនួន ៤២,៥ លានបារ៉ែលពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួងថាមពលសហរដ្ឋអាមេរិក ការដឹកជញ្ជូនប្រេងឆៅនេះបានចាប់ផ្តើមនៅថ្ងៃសុក្រកន្លងទៅ ដោយបញ្ចេញទៅកាន់ក្រុមហ៊ុនប្រេងផ្សេងៗ។
ប្រេងឆៅចំនួន ៤២,៥ លានបារ៉ែលនេះគឺជាផ្នែកមួយនៃគម្រោងសរុបចំនួន ១៧២ លានបារ៉ែល ដែលត្រូវបានគ្រោងទុកសម្រាប់ការបញ្ចេញទៅកាន់ទីផ្សារក្នុងរយៈពេល ១២០ ថ្ងៃ ដើម្បីកាត់បន្ថយការខ្វះខាតប្រេង និងទប់ស្កាត់ការហក់ឡើងថ្លៃយ៉ាងគំហុក។

ក្រសួងថាមពលបានបញ្ជាក់ថា ក្រុមហ៊ុនដែលទទួលបានប្រេងពីឃ្លាំងបម្រុងយុទ្ធសាស្ត្រនៅដំណាក់កាលដំបូងនេះ នឹងត្រូវបំពេញបន្ថែមវាចំនួនសរុប ៥៥ លានបារ៉ែលទៀត។
ការសម្រេចចិត្តបញ្ចេញប្រេងពីឃ្លាំងបម្រុងយុទ្ធសាស្ត្រនេះ បានមកក្រោយពីក្រសួងថាមពលបានប្រកាសនៅថ្ងៃទី១២ ខែមីនា ថារដ្ឋបាលសហរដ្ឋអាមេរិកនឹងបញ្ចេញប្រេងសរុបចំនួន ១៧២ លានបារ៉ែលពីទុនបម្រុងជាតិយុទ្ធសាស្ត្រ។

វិធានការនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការតបតចំពោះស្ថានភាពតម្លៃប្រេងដែលកំពុងឡើងខ្ពស់ ដោយសារកត្តាផ្សេងៗរួមមានភាពតានតឹងនៅតំបន់អាស៊ីខាងលិច។
