ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ថា ជនប្រុសស្រីចំនួន ២នាក់ ដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់នៅខណ្ឌឫស្សីកែវ នឹងត្រូវបញ្ចូនទៅតុលាការ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយការពិនិត្យតាមជំនាញរបស់សមត្ថកិច្ច បានរកឃើញថា អ្នកបើកបររថយន្តបង្កហេតុគឺជាមនុស្សស្រី ខណៈភាគីបុរសជាអ្នករួមដំណើរឋិតក្នុងស្ថានភាពស្រវឹង។ ទោះជាយ៉ាងណា ដោយសារភាគីទាំងពីរបានប្រើប្រាស់ពាក្យសម្តីតិះដៀលប្រមាថធ្ងន់ធ្ងរមាក់ងាយដល់អាយុជីវិតមនុស្ស សមត្ថកិច្ចក៏ប្រមូលភស្តុតាងដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនអ្នកទាំង២ទៅតុលាការ។

ផ្អែកតាមវីឌីអូរកាមេរ៉ាសុវត្ថិភាពដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញ ឃើញថា ភាគីអ្នករួមដំណើរជាបុរសត្រូវបានគេគ្រាដាក់ក្នុងរថយន្តដោយសភាពស្រវឹង ហើយអ្នកបញ្ជាយាន្តគឺជាមនុស្សស្រីបានបើកឌុបគ្នាចេញពីហាងផឹកស៊ីមួយកន្លែងនៅខណ្ឌសែនសុខ។
ករណីនេះបានធ្វើឲ្យមានប្រតិកម្មរិះគន់ជាច្រើនពីសំណាក់មហាជនអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ដែលចោទទៅលើសមត្ថកិច្ចថា បានប្រឌិតព័ត៌មានដើម្បីលាក់អត្តសញ្ញាណពិតប្រាកដរបស់ជនបើករថយន្តបង្កហេតុ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បញ្ជាក់ថា៖ “ច្បាប់គឺជាច្បាប់ មិនមានការលើកលែង ឬប្រឌិតព័ត៌មានណាមួយដើម្បីលាក់បំបាំងអត្តសញ្ញាណជនដែលប្រព្រឹត្តិខុសទៅនឹងច្បាប់នោះឡើយ ទោះបុគ្គលនោះឋិតក្នុងតួនាទី ឬឋានៈណាក៏ដោយ។”
គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុងមួយកន្លែង ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយរថយន្តបង្កបានបើកបុកម៉ូតូម៉ាកធូដេមួយគ្រឿង បណ្តាលឲ្យក្មេងប្រុសម្នាក់ជាអ្នកបើកម៉ូតូត្រូវរងរបួសធ្ងន់ធ្ងរ។

ក្នុងហេតុការណ៍ដដែលនេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុក៏បានផ្ទុះកំហឹងខ្លាំងទៅលើភាគីបុរសដែលជាអ្នករួមដំណើរ ដោយបានប្រើប្រាស់ហិង្សារហូតត្រូវរងរបួសផងដែរ ព្រោះតែខឹងសម្បាលើពាក្យសម្តីរបស់ជនរូបនេះនិយាយថា៖ “បុកស្លាប់មនុស្ស សងត្រឹម២ម៉ឺនដុល្លារទៅចប់រឿងហើយ”។
