ប្រទេស២២រួមគ្នាទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ

ប្រទេស២២រួមគ្នាទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ

ច្រកសមុទ្រហ័រម៉ូស

ទីក្រុងតេអេរ៉ង់៖ ប្រទេសចំនួន២២ រួមមានអារ៉ាប់រួម បារ៉ែន អង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារទាំងឡាយ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។

កប៉ាល់ដឹកទំនិញ

ក្រុមប្រទេសទាំងនេះបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់អ៊ីរ៉ង់ ដែលបានវាយប្រហារកប៉ាល់ដឹកទំនិញ ប្រេង និងឧស្ម័នចេញពីតំបន់មជ្ឈិមបូព៌ា។ សេចក្ដីថ្លែងការណ៍បានរំលឹកថា ទង្វើនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សទូទាំងពិភពលោក ជាពិសេសអ្នកដែលងាយរងគ្រោះ។

ប្រទេសទាំងនោះក៏បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងទីតាំងប្រេង និងឧស្ម័ន ព្រមទាំងការបិទច្រកសមុទ្រហ័រម៉ូសដោយកងកម្លាំងយោធាអ៊ីរ៉ង់។

សេដ្ឋកិច្ចពិភពលោក

ក្រុមប្រទេសទាំងនេះបានបង្ហាញថា ពួកគេត្រៀមខ្លួនចាត់វិធានការជាសមូហភាពដើម្បីរក្សាស្ថិរភាពនៅតាមច្រកសមុទ្រនានា។ ពួកគេបានអះអាងថា “យើងត្រៀមខ្លួនចូលរួមចំណែកក្នុងការធានាសុវត្ថិភាពច្រកសមុទ្រ។”

ការបិទខ្ទប់ច្រកហ័រម៉ូសបានបង្កផលវិបាកធ្ងន់ធ្ងរដល់វិស័យថាមពល និងធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងឧស្ម័នហក់ឡើងខ្ពស់ ដែលជាកត្តាប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

សេចក្ដីថ្លែងការណ៍នេះបានចេញមកក្នុងពេលដែលសង្គ្រាមអ៊ីរ៉ង់នៅតែបន្តកើតឡើង ដោយមិនទាន់ដឹងថានឹងបញ្ចប់នៅពេលណាឡើយ។

ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត

administrator

Related Articles