ញៀនញ៉ាមលួចម៉ូតូ៣ដងរួច លើកទី៤ជិះកង់មកលួចវិញ ត្រូវជាប់ខ្នោះដៃសមត្ថកិច្ច

ញៀនញ៉ាមលួចម៉ូតូ៣ដងរួច លើកទី៤ជិះកង់មកលួចវិញ ត្រូវជាប់ខ្នោះដៃសមត្ថកិច្ច

ខេត្តកណ្តាល – ជនសង្ស័យញៀនញ៉ាមដែលធ្លាប់លួចម៉ូតូបានសម្រេចរួចហើយ៣លើក បានជិះកង់មកលួចលើកទី៤ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍។

ជនសង្ស័យលួចម៉ូតូ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧:៤៣យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវកៅស៊ូក្នុងភូមិព្រែកក្មេង សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៣:០០រសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានបញ្ជាក់ថា ជនរងគ្រោះគឺលោក នុត គឿន អាយុ៧១ឆ្នាំ កសិករ ដែលបាត់បង់ម៉ូតូម៉ាក HONDA WAVE ពណ៌ស គ្មានស្លាកលេខ។

ម៉ូតូដែលលួច

ជនសង្ស័យគឺអ្នកឈ្មោះ រស់ គីមហ័ង អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ហើយត្រូវបានគេរកឃើញថាវិជ្ជមានសារធាតុញៀន។

វត្ថុតាងដែលចាប់យកបានរួមមាន៖ ម៉ូតូ HONDA WAVE (ជារបស់ជនរងគ្រោះ) និងកង់ប្រភេទតួប្រុស ម៉ាក Gabbro ពណ៌ត្រួយចេក ដែលជនសង្ស័យបានជិះមកធ្វើសកម្មភាព។

តាមការបរិយាយពីលោកអធិការ នៅពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅលេងផ្ទះកូនប្រុសដែលមានចម្ងាយតែ១០០ម៉ែត្រពីផ្ទះរបស់គាត់។ ពេលទៅដល់ គាត់បានឈប់ម៉ូតូនៅមុខផ្ទះកូន ដោយមិនដកកូនសោរ រួចដើរចូលទៅក្នុងផ្ទះ។

កង់ជនសង្ស័យ

ភ្លាមនោះ ជនសង្ស័យដែលមានវ័យប្រហែល២០ឆ្នាំជាង ពាក់អាវយឺតដៃខ្លីពណ៌ក្រហម និងមួកកាតិប បានឡើងបញ្ឆេះលួចយកម៉ូតូជិះរត់បាត់ទៅ។ ជនរងគ្រោះបានរាយការណ៍ទៅប៉ុស្តិ៍នគរបាលភ្លាម។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចពីប៉ុស្តិ៍នគរបាលព្រែកក្មេង ក្រុងអរិយក្សត្រ និងប៉ុស្តិ៍នគរបាលព្រែកតាប្រាំង បានសហការគ្នាស៊ើបអង្កេត រហូតឈានទៅចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃបន្ទាប់។

នៅពេលសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់លួចម៉ូតូបាន៣លើករួចហើយនៅក្នុងរាជធានីភ្នំពេញ ដោយលក់បានលុយទៅទិញបាយហូប និងថ្នាំញៀន។ លើកទី៤នេះគាត់លួចមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ខ្លួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបាននាំទៅកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

ដោយ៖ សូរិយា

administrator

Related Articles