ភ្នំពេញ៖ ការបង្ក្រាបក្រុមក្មេងទំនើងរបស់អាវុធហត្ថរាជធានីភ្នំពេញ បន្តធ្វើឡើងដោយសកម្មភាពដូចភ្លៀងរលឹម ដោយមិនប្រកែកពីក្រុមណាមួយទាំងក្រុមបន្លំលួចឆក់ប្លន់ ក្រុមបង្ហោះម៉ូតូ ក្រុមវាយកាប់ចាក់ ក្រុមជក់ថ្នាំញៀន និងក្រុមកែច្នៃបំពង់ស៊ីម៊ាំងរថយន្តដែលបើកបរល្បឿនលឿនលើសច្បាប់។

កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២:៣០នាទី កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌដូនពេញ បានធ្វើការឃាត់ម៉ូតូ១១គ្រឿង និងរថយន្ត០២គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស និងបើកបរល្បឿនលឿនក្នុងទីប្រជុំជន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ អ្នកបើកបររថយន្តទាំងពីរគ្រឿងមានម្នាក់ឈ្មោះ ទេព ពិសិដ្ឋ ជាតារារ៉េប ដែលបើករថយន្តម៉ាក Porsche Carrera ឆ្នាំ២០១២ ពាក់ស្លាកលេខ WAW.BOSS និងម្នាក់ទៀតឈ្មោះ យាំងជិនស៊ី (ជនជាតិចិន) អាយុ៣០ឆ្នាំ បើករថយន្តម៉ាក Ford Mustang ឆ្នាំ២០១៥ ពាក់ស្លាកលេខ 2AO-0777។

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ “គោលការណ៍បង្ក្រាបក្មេងទំនើងរបស់យើងមិនសំដៅត្រឹមតែយុវវ័យដែលមានអាយុតិចនោះទេ។ ជនណាក៏ដោយ មិនថាចាស់ឬក្មេង ខ្មែរឬបរទេស អ្នកមានឬអ្នកក្រ ឲ្យតែប្រព្រឹត្តសកម្មភាពទំនើងនិងល្មើសច្បាប់ បង្កការភ័យខ្លាចនិងរំខានដល់សាធារណជន គឺត្រូវបង្ក្រាបទាំងអស់។”
លោកបន្តថា៖ “សូមបញ្ឈប់រាល់សកម្មភាពទំនើង គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់។ បើកបរតាមល្បឿនកំណត់អតិបរិមាក្នុងទីប្រជុំជន ដែលរថយន្តតូចធំគឺ៤០គីឡូម៉ែត្រក្នុងមួយម៉ោង រីឯម៉ូតូ គោយន្ត រ៉ឺម៉ក ត្រាក់ទ័រគឺ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។”
សកម្មភាពបង្ក្រាបនេះទទួលបានការសាទរពីមហាជនទូទៅ ដោយមានការប្តឹងសុំអន្តរាគមន៍តាមទូរស័ព្ទបន្ទាន់លេខ១២៩១ស្ទើររាល់ថ្ងៃ។
