ភ្នំពេញ៖ ស្រ្តី២នាក់រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ ក្រោយពីម៉ូតូដែលពួកគេជិះត្រូវរថយន្តបុកខ្លាំង នៅពេលបត់ត្រឡប់ក្រោយនៅលើផ្លូវជាតិលេខ១។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ១ ចំណុចក្បែរវត្តនិរោធ ក្នុងសង្កាត់និរោធ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះ២នាក់ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ផ្លាកលេខ ភ្នំពេញ 1JL-8605 បានធ្វើដំណើរតាមផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច។ នៅពេលមកដល់ចំណុចកើតហេតុ ពួកគាត់បានបង្អង់ល្បឿន និងបត់ឆ្វេងត្រឡប់ក្រោយ។

ភ្លាមនោះ រថយន្តម៉ាក HONG IQ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BV-2882 បើកបរដោយបុរសម្នាក់ បានបើកមកក្នុងល្បឿនលឿន ហើយជាន់ហ្វ្រាំងមិនទាន់ បានបុកម៉ូតូយ៉ាងខ្លាំង។ រថយន្តបន្តឡើងលើសួនផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ។

ស្រ្តីពីរនាក់រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ រីឯម្ចាស់រថយន្តបានគេចចេញពីកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចូលមកវាស់វែង និងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្ដោះអាសន្ន។
ដោយ៖ ភារ៉ា ដង្កោ
