ទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានចេញសេចក្ដីប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារទីតាំងនុយក្លេអ៊ែរណាថាន់ (Natanz) របស់អ៊ីរ៉ង់ ដោយចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zakharova) បានថ្លែងថា៖ “ទង្វើដែលគ្មានការទទួលខុសត្រូវនេះបានបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់តំបន់មជ្ឈិមបូព៌ា និងមានចេតនាធ្វើឱ្យប៉ះពាល់សន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់។”
សារព័ត៌មានអ៊ីរ៉ង់ផ្សាយថា ទីតាំងនុយក្លេអ៊ែរណាថាន់រងការវាយប្រហារតាមអាកាស ដោយមិនទាន់មានការបញ្ជាក់ពីអ្នកដែលទទួលខុសត្រូវ។

បន្ទាប់ពីលេចឮដំណឹងនេះ អ៊ីស្រាអែលបានចេញមុខបដិសេធជាដាច់ខាត ដោយប្រកាសថាខ្លួនមិនបានប្រព្រឹត្តអំពើវាយប្រហារនោះទេ។ សារព័ត៌មានញូយ៉កថាមស៍ (New York Times) បានចុះផ្សាយថា ខ្លួនបានទាក់ទងទៅយោធាអាមេរិក ប៉ុន្តែមិនទទួលបានការឆ្លើយតបណាមួយឡើយ។
គួរកត់សម្គាល់ថា នេះមិនមែនជាលើកទីមួយទេដែលទីតាំងនុយក្លេអ៊ែរណាថាន់របស់អ៊ីរ៉ង់រងការវាយប្រហារ។ ក្នុងសង្គ្រាមរយៈពេល១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ ទីតាំងនេះក៏ធ្លាប់ទទួលរងការវាយប្រហារម្ដងម្កាលផងដែរ។

ឥឡូវនេះ ទីភ្នាក់ងារអាតូមិចអន្តរជាតិ (IAEA) កំពុងពិនិត្យមើលសេចក្ដីរាយការណ៍ដែលថាទីតាំងនុយក្លេអ៊ែរនោះរងការវាយប្រហារ។ អ្នកនាំពាក្យរុស្ស៊ីបានអំពាវនាវឱ្យសហគមន៍អន្តរជាតិវាយតម្លៃការវាយប្រហារនេះជាបន្ទាន់ដោយឈរលើគោលការណ៍សត្យានុម័តនិងភាពហ្មត់ចត់។
ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
