ខេត្តតាកែវ៖ ក្រុមជំនាញពីនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា បានចាប់ផ្ដើមដំណើរការស្រាវជ្រាវ និងកំណាយបុរាណវិទ្យាយ៉ាងទូលំទូលាយនៅតំបន់ភ្នំបាយ៉ង់ ស្រុកគិរីវង់ ខេត្តតាកែវ។

គម្រោងស្រាវជ្រាវនេះមានគោលបំណងសំខាន់ៗចំនួន៤យ៉ាង៖
១. ស្រាវជ្រាវ កំណត់អត្តសញ្ញាណ និងចុះបញ្ជីបុរាណដ្ឋានទាំងឡាយ រួមមានប្រាសាទ ទួលបុរាណ ឡបុរាណ ផ្លូវបុរាណ កំពែងក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ។

២. កសាងផែនទី និងថតរូប 3D ប្រាសាទសម្រាប់ការសិក្សាស្រាវជ្រាវ
៣. ធ្វើកំណាយស្រាវជ្រាវនៅទីតាំងសំខាន់ៗ ដូចជាកំពែង និងទីតាំងសំខាន់ផ្សេងៗទៀត
៤. កំណត់អាយុកាលនៃបុរាណដ្ឋាន ដោយផ្អែកលើភស្តុតាងដែលបានរកឃើញ

ការសិក្សាស្រាវជ្រាវនេះមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នស្រាវជ្រាវជាតិ ដូចជាវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា។ លើសពីនេះទៀត មានការចូលរួមសហការពីអាជ្ញាធរដែនដីនៅកម្រិតស្រុក ឃុំ និងភូមិ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់។

គម្រោងស្រាវជ្រាវនេះបានទទួលការឧបត្ថម្ភថវិកាទាំងស្រុងពីឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគិរីវង់។

ការស្រាវជ្រាវនេះគឺជាផ្នែកមួយនៃការការពារបេតិកភណ្ឌបុរាណរបស់ជាតិ និងស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា។ លទ្ធផលនៃការស្រាវជ្រាវនឹងជួយបំភ្លឺពីអត្តសញ្ញាណប្រវត្តិសាស្ត្រ និងវប្បធម៌របស់តំបន់នេះ។

ដោយ៖ តារា


