រដ្ឋមន្ត្រីវប្បធម៌សោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតដ៏ធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោករងការវាយប្រហារដោយអាវុធ

រដ្ឋមន្ត្រីវប្បធម៌សោកស្តាយយ៉ាងខ្លាំងចំពោះការខូចខាតដ៏ធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោករងការវាយប្រហារដោយអាវុធ

ភ្នំពេញ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះពិនិត្យការខូចខាតដ៏ធ្ងន់ធ្ងរនៃប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក ដែលរងគ្រោះដោយជម្លោះប្រដាប់អាវុធកាលពីឆ្នាំ២០២៥។ លោកស្រីបានបង្ហាញការសោកស្តាយ និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះ។

ការខូចខាតប្រាសាទព្រះវិហារ

ក្នុងដំណើរបេសកកម្មកាលពីម្សិលមិញ លោកស្រី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ដែលជាសម្បត្តិរបស់មនុស្សជាតិទាំងមូល។

លោកស្រីរដ្ឋមន្ត្រីបានថ្លែងថា “ការខូចខាត បាក់បែក ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះមានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាតរៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅ ដែលបានកត់ត្រាការខូចខាតសរុបចំនួន ៥៦២កន្លែង”។

រដ្ឋមន្ត្រីវប្បធម៌ពិនិត្យការខូចខាត

គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌ ហើយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ ទោះក្នុងកាលៈទេសៈណាក៏ដោយ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីបេតិកភណ្ឌពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហាររងការខូចខាតចំនួន១៤២កន្លែង រងការវាយប្រហារដោយប្រដាប់អាវុធកាលពីខែកក្កដា និងខូចខាតបន្ថែមចំនួន ៤២០កន្លែងទៀតក្រោយខែធ្នូ ឆ្នាំ២០២៥។ ការខូចខាតនេះរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ រួមទាំងការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើងដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរីផងដែរ។

ដោយ ៖ សំរិត

administrator

Related Articles