រថយន្តព្រូសបុករថយន្តដឹកទឹកកកយប់ជ្រៅ ទារសំណង១៥០០ដុល្លារ តែបានត្រឹម៥០ដុល្លារតែប៉ុណ្ណោះ

រថយន្តព្រូសបុករថយន្តដឹកទឹកកកយប់ជ្រៅ ទារសំណង១៥០០ដុល្លារ តែបានត្រឹម៥០ដុល្លារតែប៉ុណ្ណោះ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងនៅយប់ជ្រៅ នៅតាមបណ្ដោយផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។

រថយន្តដឹកទឹកកកដែលរងការខូចខាត

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តម៉ាក KIA ដែលមានឃ្លប់ដឹកទឹកកក ពាក់ស្លាកលេខភ្នំពេញ 2AF-4075 បានចតនៅលើចិញ្ចើមផ្លូវ ដោយគ្មានការដាក់សញ្ញាសម្គាល់ចរាចរណ៍ត្រឹមត្រូវ។ ក្នុងពេលនោះ រថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2CC-8451 បានបើកមកបុកចូលយ៉ាងខ្លាំង បណ្តាលឱ្យរថយន្តទាំងពីររងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ទីតាំងកើតហេតុគ្រោះថ្នាក់

ក្រោយពីកើតហេតុ ការឈ្លោះប្រកែកគ្នាបានកើតឡើង នៅពេលដែលម្ចាស់រថយន្តដឹកទឹកកកទារសំណងចំនួន ១,៥០០ ដុល្លារ ខណៈម្ចាស់រថយន្តព្រូសយល់ព្រមបង់ត្រឹម ៥០ ដុល្លារប៉ុណ្ណោះ។ ភាគីរថយន្តព្រូសលើកឡើងថា រថយន្តដឹកទឹកកកចតមិនដាក់សញ្ញាសម្គាល់ និងចតលើផ្លូវសាធារណៈ ដែលជាហេតុធ្វើឱ្យកើតគ្រោះថ្នាក់។

រថយន្តព្រូសដែលបុកចូល

ចំណែកម្ចាស់រថយន្តដឹកទឹកកកវិញ បានតបតវិញថា៖ “ខ្ញុំមិនមែនអ្នកបើកបុកឯណា ខ្ញុំគ្រាន់តែចតរថយន្តនៅទីនោះប៉ុណ្ណោះ។” ដោយសារភាគីទាំងពីរមិនអាចព្រមព្រៀងគ្នាបាន សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីដោះស្រាយនៅពេលក្រោយ។

ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles