
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានប្រកាសនៅថ្ងៃទី២០ មីនា ថា សហរដ្ឋអាមេរិកបានសម្រេចដកទណ្ឌកម្មជាបណ្តោះអាសន្នលើប្រេងអ៊ីរ៉ង់ដែលបានផ្ទុកនៅលើនាវារួចរាល់។ ការសម្រេចចិត្តនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងវិបត្តិផ្គត់ផ្គង់ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។
បើតាមការផ្សាយរបស់ AFP ការបើកផ្លូវបណ្តោះអាសន្ននេះអនុញ្ញាតឲ្យអ៊ីរ៉ង់លក់ប្រេងឆៅ និងផលិតផលប្រេងចំនួន ១៤០លានបារ៉ែល ដែលបានផ្ទុកលើនាវាមុនថ្ងៃទី២០មីនា។ ការអនុញ្ញាតនេះមានសុពលភាពរហូតដល់ថ្ងៃទី១៩ខែមេសា ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលពិភពលោក និងកាត់បន្ថយសម្ពាធតម្លៃប្រេងដែលបានហក់ឡើងដល់ ១១០ដុល្លារក្នុងមួយបារ៉ែល។

យុទ្ធសាស្ត្រនេះមានគោលដៅបញ្ចេញប្រេងដែលអ៊ីរ៉ង់ធ្លាប់លក់ក្នុងតម្លៃថោកឲ្យប្រទេសចិន មកកាន់ទីផ្សារពិភពលោកវិញ។ ទោះយ៉ាងណា វាមិនត្រូវបានអនុវត្តចំពោះការដឹកជញ្ជូនទៅកាន់ប្រទេសគុយបា កូរ៉េខាងជើង ឬតំបន់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ។
លោក Bessent បានបញ្ជាក់ថា នេះគឺជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីរក្សាស្ថិរភាពទីផ្សារ បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នប្រហែល ២០% នៃតម្រូវការសកល។

ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងប្រេងរបស់អ៊ីរ៉ង់ លោក Saman Ghoddoosi បានច្រានចោលការអះអាងនេះតាមរយៈបណ្តាញសង្គម X ដោយលើកឡើងថា អ៊ីរ៉ង់មិនមានប្រេងឆៅលើសតម្រូវការនៅលើសមុទ្រ សម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិនោះទេ។ លោកបានអះអាងថា សម្តីរបស់រដ្ឋមន្ត្រីអាមេរិកគ្រាន់តែជាការផ្តល់សង្ឃឹមខ្យល់ដល់អ្នកទិញប៉ុណ្ណោះ។
បើតាមរបាយការណ៍ពី CNN អ៊ីរ៉ង់នៅតែបន្តលក់ប្រេងដោយអនុញ្ញាតឲ្យនាវាដឹកប្រេងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលអាចឲ្យពួកគេពង្រីកទីផ្សារទៅកាន់ប្រទេសលោកខាងលិច ជំនួសឲ្យការលក់ផ្តាច់មុខឲ្យតែប្រទេសចិន៕
