ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូលឿនពេលចូលផ្លូវកោងមិនប្រយ័ត្ន បណ្តាលឱ្យបុកខឿនសួនផ្លូវ បោកក្បាល និងបង្គោលដែកយ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៥០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GJ-5553 ជីះម្នាក់ឯងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦អា ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន។

លុះពេលជិះមកដល់ចំណុចកើតហេតុផ្លូវកោង ខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតទៅបុកឃឿនសួនផ្លូវ បណ្តាលឲ្យដួលបោកក្បាលជនរងគ្រោះទៅនិងបង្គោលដែក ធ្វើឲ្យយុវជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
ក្រោយមកក៏មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងពិនិត្យទៅលើសព។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាចុះមកដល់រួច ទាក់ទងទៅក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំប្រគល់ជូនសាច់ញាតិនៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ
