ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានថ្មីអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដែលព្យាករណ៍ថា របបខ្យល់មូសុងឦសាននឹងមានឥទ្ធិពលលើប្រទេសយើង។

យោងតាមការព្យាករណ៍ ស្ថានភាពធាតុអាកាសនឹងអាក្រក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។ នៅតំបន់វាលទំនាប សីតុណ្ហភាពនឹងមានពី២៣°C ដល់៣៦°C ដោយខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តតាកែវ ពុំមានភ្លៀងធ្លាក់ទេ។

សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពនឹងមានពី២៣°C ដល់៣៥°C ដោយខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១០%។
នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពនឹងមានពី២៤°C ដល់៣៥°C ដោយខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥%។

រលកសមុទ្រនឹងមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។ ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងរៀបចំខ្លួនជាស្រេចដើម្បីប្រឈមនឹងស្ថានភាពអាកាសធាតុដែលអាចមានការប្រែប្រួល។
