ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារ ជីនបៀន មេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់វិធានការជំនាញ ដឹកនាំដោយលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤៩នាក់។ ក្នុងនោះ នៅជាន់ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាពមាន០៧នាក់ ក្នុងនោះជនជាតិចិន០៦នាក់ និងស្ត្រីវៀតណាម១នាក់។ នៅជាន់ទី ២និងទី៣ បន្ទប់ស្នាក់នៅមានចំនួន២៦នាក់ ក្នុងនោះមានជនជាតិចិន២៥នាក់ និងម៉ាឡេស៊ីចំនួន១នាក់ និងជាន់ដំបូល ជាទីតាំងប្រព្រឹត្ត Online Scams មាន១៦នាក់។

ចំណែកវត្ថុតាង មានដូចជា កុំព្យូទ័រ All In One ៦០ គ្រឿង, CPU ៣១ គ្រឿង និង Laptop ០១ គ្រឿង, ទូរសព្ទដៃ ៦៨៧ គ្រឿង និងស៊ីមកាត ម៉ាឡេស៊ី ចំនួន៤៦ ស៊ីម។
តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដើម្បីធ្វើសកម្មភាពឆបោកក្នុងរូបភាព “វិនិយោគក្លែងក្លាយ” ដោយមានគោលដៅអូសទាញជនរងគ្រោះនៅ ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។
ប្រភព៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ
