ភ្នំពេញ៖ អ្នកជំនាញអង្គការសហប្រជាជាតិ (UN) បានចេញរបាយការណ៍ដ៏ធ្ងន់ធ្ងរមួយ ដែលអះអាងថា អ៊ីស្រាអែលកំពុងធ្វើទារុណកម្មជាប្រព័ន្ធលើប្រជាជនប៉ាឡេស្ទីនក្នុងទ្រង់ទ្រាយធំ ដោយបង្ហាញពីការសងសឹករួមគ្នា និងដោយចេតនាបំផ្លិចបំផ្លាញ។

ក្នុងរបាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃសុក្រ លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិនៅក្នុងទឹកដីប៉ាឡេស្ទីន បាននិយាយថា៖ «ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួន ទទួលរងនូវការរំលោភបំពានលើរាងកាយ និងផ្លូវចិត្តយ៉ាងឃោរឃៅបំផុត»។
យោងតាម Al Jazeera ដែលផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ របាយការណ៍នោះមានចំណងជើងថា៖ «ការធ្វើទារុណកម្ម និងជាអំពើប្រល័យពូជសាសន៍»។ ចំណែកការធ្វើទារុណកម្ម ដោយការឃុំខ្លួនបានប្រើប្រាស់ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក វាជាការសងសឹករួមមួយដ៏ធ្ងន់ធ្ងរ។

ការរកឃើញបន្តទៀតថា៖ «ការវាយដំយ៉ាងឃោរឃៅ អំពើហិង្សាផ្លូវភេទ ការរំលោភ ធ្វើបាបដ៏សាហាវ ភាពអត់ឃ្លាន ការដកហូតជាប្រព័ន្ធនៃលក្ខខណ្ឌមនុស្សធម៌ជាមូលដ្ឋាន បានបង្កឱ្យមានស្លាកស្នាមយ៉ាងជ្រៅ និងយូរអង្វែងលើរាងកាយ-ចិត្ត សម្រាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់»។
អង្គការបន្តថា៖ «ការធ្វើទារុណកម្មបានក្លាយជាផ្នែកមួយនៃការគ្រប់គ្រង ការដាក់ទណ្ឌកម្មលើបុរស ស្ត្រី និងកុមារ តាមរយៈការរំលោភបំពានក្នុងពន្ធនាគារ និងតាមរយៈការផ្លាស់ទីលំនៅដោយបង្ខំឥតឈប់ឈរ ការសម្លាប់រង្គាល ការដកហូត និងបំផ្លាញគ្រប់មធ្យោបាយទាំងអស់ ដើម្បីបង្កការឈឺចាប់ និងទុក្ខវេទនារួមគ្នារយៈពេលវែង»។

លោកស្រី Albanese ថា អង្គការសហប្រជាជាតិបានប្រមូលឯកសារជាលាយលក្ខណ៍អក្សរ រួមទាំងសក្ខីកម្មយ៉ាងហោចណាស់ ៣០០ ច្បាប់។ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក ការចាប់ខ្លួនជនជាតិប៉ាឡេស្ទីនក្នុងទឹកដីដែលពួកគេកាន់កាប់បានកើនឡើងយ៉ាងខ្លាំង និងមានមនុស្សជាង ១៨,៥០០ នាក់ត្រូវបានចាប់ខ្លួន រួមទាំងកុមារយ៉ាងហោចណាស់ ១,៥០០ នាក់។
លោកស្រីបន្ថែមថា៖ «អ៊ីស្រាអែលគួរតែបញ្ឈប់ជាបន្ទាន់នូវការធ្វើទារុណកម្ម ដែលជាផ្នែកមួយនៃការប្រល័យពូជសាសន៍ដែលកំពុងបន្តរបស់ប្រទេសនេះ»។
