រាជធានីភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រធ្វើជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អាណត្តិទី៩ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០៣០។

អង្គមហាសន្និបាតបញ្ចប់អាណត្តិទី៨ និងបន្តអាណត្តិទី៩ (២០២៦-២០៣០) បានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីរសៀលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត សភាចារ្យហង់ ជួន ណារ៉ុន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលធំៗដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចបានក្នុងអាណត្តិទី៨កន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន។

ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ទុកអាណត្តិទី៨របស់ NOCC គឺជាអាណត្តិពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជា និងគ្រួសារកីឡាជាតិ ដែលសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ជាពិសេសភាពជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។
ជាមួយនឹងការខិតខំប្រឹងប្រែង បានផ្ដល់នូវផ្លែផ្កាយ៉ាងត្រចះត្រចង់ដល់កម្ពុជាដោយទទួលបានមេដាយមាស៨១គ្រឿង មេដាយប្រាក់៧៤គ្រឿង និងមេដាយសំរឹទ្ធ១២៧គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៤ ដែលជាសមិទ្ធផលលើសពីការរំពឹងទុក។
អត្ថបទសរសេរដោយ អ៊ុំ សំអូន
កែសម្រួលដោយ ធីតា
