គីម ជុងអ៊ុន ត្រូវជ្រើសឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើង

គីម ជុងអ៊ុន ត្រូវជ្រើសឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋកូរ៉េខាងជើង

ភ្នំពេញ – លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៃប្រទេសកូរ៉េខាងជើង ដែលជាប្រមុខរដ្ឋ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។

គីម ជុងអ៊ុន

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោកគីម ជុងអ៊ុន ត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មាធិការកិច្ចការរដ្ឋនៅថ្ងៃទី ២២ ខែមីនា ក្នុងអំឡុងពេលសម័យប្រជុំលើកដំបូងនៃសភាប្រជាជនកំពូលលើកទី ១៥។

គណៈកម្មាធិការកិច្ចការរដ្ឋគឺជាស្ថាប័នគ្រប់គ្រង និងធ្វើគោលនយោបាយខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងជើង។ យោងតាម KCNA ការសម្រេចចិត្តជ្រើសរើសលោកគីមឱ្យកាន់តំណែង «កំពូលនៃប្រទេស» ឆ្លុះបញ្ចាំងពីឆន្ទៈ និងសេចក្តីប្រាថ្នារួមរបស់ប្រជាជនកូរ៉េខាងជើងទាំងអស់។

កិច្ចប្រជុំសភាកូរ៉េខាងជើង

មេដឹកនាំគីម ជុងអ៊ុន ក៏ត្រូវបានជ្រើសតាំងឡើងវិញជាអគ្គលេខាធិការនៃគណបក្សពលករនៅក្នុងសមាជជាតិលើកទី ៩ កាលពីខែកុម្ភៈ។ បន្ទាប់មកកូរ៉េខាងជើងបានធ្វើការបោះឆ្នោតសម្រាប់សភាថ្មីនៅថ្ងៃទី ១៥ ខែមីនា។

ស្ថាប័ននេះជាធម្មតាកោះប្រជុំបន្ទាប់ពីសមាជគណបក្សពលករ ដើម្បីរៀបចំសេចក្តីសម្រេចចិត្តដែលបានធ្វើឡើង។ បន្ថែមពីលើការបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ សភាកូរ៉េខាងជើងថ្មីនឹងពិភាក្សាអំពីវិសោធនកម្ម និងការបន្ថែមរដ្ឋធម្មនុញ្ញ។

គោលនយោបាយកូរ៉េខាងជើង

នៅក្នុងសុន្ទរកថាបើកសមាជនៅថ្ងៃទី ១៩ ខែកុម្ភៈ លោកគីមបាននិយាយថា គណបក្សកាន់អំណាចកំពុងប្រឈមមុខនឹង «ភារកិច្ចប្រវត្តិសាស្ត្រ និងបន្ទាន់» នៃការពង្រឹងការកសាងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ លោកគីមបានសង្កត់ធ្ងន់ជាប់លាប់អំពីតម្រូវការក្នុងការកែលម្អសេដ្ឋកិច្ចរបស់ប្រទេស។

ដោយ៖ ធីរីណា (រូបថត៖ KCNA)

administrator

Related Articles