
សហរដ្ឋអាមេរិកបានចេញការព្រមានដល់ពលរដ្ឋរបស់ខ្លួននៅទូទាំងពិភពលោក ឲ្យបង្កើនការប្រុងប្រយ័ត្នខ្លួន បន្ទាប់ពីកំហឹងពីសង្គ្រាមជាមួយអ៊ីរ៉ង់កំពុងបញ្ឆេះក្រុមសកម្មប្រយុទ្ធឲ្យវាយប្រហារលើជនជាតិអាមេរិក។
ក្រសួងការបរទេសអាមេរិកបានបង្ហោះសេចក្តីប្រកាសលើបណ្តាញសង្គម X នៅថ្ងៃទី២២ មីនា ២០២៦ ដោយស្នើឲ្យជនជាតិអាមេរិកនៅទូទាំងពិភពលោក ជាពិសេសនៅតំបន់មជ្ឈិមបូព៌ា ត្រូវប្រុងប្រយ័ត្នខ្ពស់។ ការបិទដែនអាកាសអាចរំខានដល់ការធ្វើដំណើរ ហើយមូលដ្ឋានការទូតអាមេរិកក៏អាចក្លាយជាគោលដៅវាយប្រហារផងដែរ។

សេចក្តីប្រកាសបន្តថា៖ «ក្រុមដែលគាំទ្រអ៊ីរ៉ង់អាចកំណត់គោលដៅលើផលប្រយោជន៍ផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅក្រៅប្រទេស ឬទីតាំងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកនិងជនជាតិអាមេរិកនៅទូទាំងពិភពលោក»។
ការព្រមាននេះកើតឡើងបន្ទាប់ពីអ្នកនាំពាក្យយោធាអ៊ីរ៉ង់ Abolfazl Shekarchi គំរាមកាលពីថ្ងៃសុក្រថា ក្រុមភេរវករតេហេរ៉ង់នឹងចាប់ផ្តើមវាយប្រហារលើ«ឋានសួគ៌ទេសចរណ៍ដ៏ពេញនិយមនានា» ដោយសារតែអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តវាយប្រហារប្រឆាំងអ៊ីរ៉ង់។
ស្ថានភាពនេះធ្វើឲ្យពិភពលោកទាំងមូលស្ថិតក្នុងភាពភ័យខ្លាច ដោយសង្គ្រាមបានក្លាយជា«សង្គ្រាមអសន្តិសុខសកល»ដែលប៉ះពាល់ដល់ជនស៊ីវិលនិងភ្ញៀវទេសចរនៅគ្រប់ទីកន្លែង។ នេះជាកំហឹងរបស់អ៊ីរ៉ង់បន្ទាប់ពីសង្គ្រាមជាមួយអាមេរិកនិងអ៊ីស្រាអែលកាលពីខែកុម្ភៈ ២០២៦។
អត្ថបទ៖ សុខ សុវណ្ណ
