
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រកាសថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យនាវាជប៉ុនគ្រប់ប្រភេទឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកល។
សារព័ត៌មានជប៉ុន Kyodo បានផ្សាយថា លោក Araqchi បានប្រាប់ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «ទីក្រុងតេហេរ៉ង់បានចាប់ផ្ដើមការចរចាជាមួយទីក្រុងតូក្យូ និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Toshimitsu Motegi ស្ដីពីការបើកច្រកសមុទ្រនេះសម្រាប់ជប៉ុន»។

លោក Araqchi បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ជាការពិតណាស់! អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់នាវាជប៉ុនក្នុងការឆ្លងកាត់តាមរយៈច្រកសមុទ្រ Hormuz ប្រសិនបើជប៉ុនស្វែងរកការបើកច្រកនេះឡើងវិញ»។
ប្រទេសជប៉ុនពឹងផ្អែកលើច្រកសមុទ្រ Hormuz សម្រាប់ការនាំចូលប្រេងនិងឧស្ម័នរាវជាង ៩០%។ ការកើនឡើងនៃតម្លៃប្រេងសកលបានកើតឡើងចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ដែលរងការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅថ្ងៃទី២៨ ខែកុម្ភៈ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ បានជម្រាបជូនលោកត្រាំពីការគាំទ្រដែលជប៉ុនអាចជួយបាននិងមិនបានក្នុងច្រកសមុទ្រនេះក្រោមច្បាប់របស់ប្រទេសជប៉ុន។
លោក Araqchi ដែលជាអតីតឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំជប៉ុនពីឆ្នាំ២០០៨ ដល់២០១១ បានថ្លែងថា ទីក្រុងតូក្យូមានទំនាក់ទំនងល្អជាមួយទីក្រុងតេហេរ៉ង់តាំងពីដើម។ អ៊ីរ៉ង់សង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងដើរតួនាទីក្នុងការបញ្ចប់ជម្លោះដែលជាការឈ្លានពានមិនសមហេតុផលលើប្រទេសនេះ។
