ភ្នំពេញ៖ ហេតុការណ៍រថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបានកើតឡើងនៅព្រឹកឡើងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុរសជនជាតិចិនម្នាក់បើករថយន្ត TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CD-5165 បានបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងខ្លាំង បណ្តាលឱ្យរបាំងថ្មវៀចចេញពីជួរចំនួនមួយផ្ទាំង។ រថយន្តរងការខូចខាតយ៉ាងដំណំផ្នែកខាងឆ្វេង ហើយមិនអាចបន្តធ្វើដំណើរទៅមុខបានទៀត។

តាមការអង្កេតដំបូង ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ៥:០០នាទីព្រឹក នៅពេលដែលរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ហើយស្រាប់តែបាត់បង់ការគ្រប់គ្រង បុកទៅលើរបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងខ្លាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ បច្ចុប្បន្ន ការស៊ើបអង្កេតនៅតែបន្តដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃហេតុការណ៍នេះ។

ដោយ៖ សុខា សែនជ័យ
